ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
ទិវាវប្បធម៌ជាតិ ជាទិវាមួយមានសារៈសំខាន់
ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប
បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ
សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ
ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ
ជាពិសេសបង្ហាញពីគុណវុឌ្ឍិ
និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា
ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ
និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច
ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។
ជានិច្ចកាល កិច្ចការការពារ អភិរក្ស
និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់
និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ
និង យុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនេះ
រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត
ជាពិសេសការផ្សព្វផ្សាយ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជា
ឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ
និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន
សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស៕

