3/03/2026

លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យគណៈប្រតិភូ ធនាគារ ហត្ថា បានជម្រាបជូនអំពីវឌ្ឍនភាព​នៃប្រតិបត្តិការ​របស់​ធនាគារ ក៏ដូចជា​ផែនការអាជីវកម្ម​របស់ធនាគារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការសាខា។

ក្នុងជំនួបនេះ លោក Kenichi បានជម្រាបជូនពីស្ថានភាពប្រតិបត្តិការរបស់ធនាគារ កត្តាប្រឈមមួយចំនួន និងផែនការប្រតិបត្តិការរយៈពេលវែង។ បន្ថែមលើនេះ លោកក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការប្រកាន់ខ្ជាប់នូវអនុលោមភាពស្របតាមបទប្បញ្ញាត្តិនានា និងអាទិភាពនៃការគ្រប់គ្រងប្រតិបត្តិការប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានផ្តល់អនុសាសន៍មួយចំនួនទៅលើផែនការដែលបានលើកឡើង និងបានលើកទឹកចិត្តបន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារផងដែរ។ លោកជំទាវក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាបានបណ្តាញសាខា និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ផែនការនៃការធ្វើប្រតិបត្តិការរបស់ធនាគារ ស្របពេលដែលគ្រឹះស្ថានកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា៕