3/03/2026

ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ រងការវាយប្រហារដោយដ្រូន

បរទេស៖ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដបានរងការវាយប្រហារដោយដ្រូន ២គ្រឿងដែលបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះ និងការខូចខាតសម្ភារៈមួយចំនួន។

ការវាយប្រហារដោយដ្រូនខាងលើកើតមានឡើងចំពេលអ៊ីរ៉ង់កំពុងបើកការវាយប្រហារសងសឹកដោយបាញ់មីស៊ីល និងដ្រូនលើបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិកឈរជើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

តាមប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ស្នូរផ្ទុះដ៏ខ្លាំងមួយបានកើតឡើង និងមានផ្សែងហុយចេញពីស្ថានទូតអាមេរិកក្នុងទីក្រុងរីយ៉ាដ នៅព្រឹកថ្ងៃអង្គារនេះ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយទេ៕ (Reuters)