អ៊ីរ៉ង់-អាមេរិក នឹងបើកកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈ ត្រាំ ព្រមានថារឿងអាក្រក់អាចនឹងកើតឡើង បើមិនមានកិច្ចព្រមព្រៀង
ឌូបៃ៖ ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញនៅថ្ងៃសុក្រ សប្ដាហ៍នេះក្នុងប្រទេសតួកគី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានព្រមានថាដោយកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរសំដៅទៅរកអ៊ីរ៉ង់ រឿងអាក្រក់អាចនឹង កើតឡើង ប្រសិនបើមិនមានការឈានដល់កិច្ចព្រមព្រៀងទេនោះ។
បេសកជនពិសេសអាមេរិក លោក Steve
Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងជួបគ្នាក្នុងទីក្រុង Istanbul ក្រោមកិច្ចប្រឹងប្រែងមួយ
ដើម្បីស្ដារឡើងវិញនូវការទូតពាក់ព័ន្ធនឹងជម្លោះយូរអង្វែងមកហើយជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
និងបំបាត់ភាពភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល ស្របពេល
ក្រុមមន្ត្រីការទូតជាច្រើនបាននិយាយថាក្រុមអ្នកតំណាងមកពីបណ្ដាប្រទេសមួយចំនួនដូចជាអារ៉ាប៊ីសាអូឌីត
និងអេហ្ស៉ីបក៏កំពុងព្យាយាមសម្របសម្រួលផងដែរ។
ក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយកាលពីសប្ដាហ៍មុនថា
លោក ត្រាំ បានទាមទារលក្ខខណ្ឌចំនួន៣ ដើម្បីអាចបើកកិច្ចចរចាឡើងវិញ ក្នុងនោះអ៊ីរ៉ង់ត្រូវបញ្ឈប់
ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង កំហិតលើកម្មវិធីមីស៊ីល បាលិស្ទីគ
និងបញ្ឈប់ការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់។ ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលលក្ខខណ្ឌទាំង៣
នេះជាយូរមកហើយ ដោយចាត់ទុកថាជារឿងមិនអាចទទួលយក
និងបំពានធ្ងន់ធ្ងរលើអធិបតេយ្យរបស់ខ្លួន៕ (Reuters)
Post a Comment