អតីតប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol អាចប្រឈមមុខនឹងទោសប្រហារជីវិត
សេអ៊ូល៖ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងស្នើសុំសាលក្រមផ្តន្ទាទោសធ្ងន់ធ្ងរ រហូតដល់ទោសប្រហារជីវិតសម្រាប់អតីតប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ពីបទ «មេខ្លោងនៃអំពើបះបោរ» ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីឆ្នាំ២០២៤។
នៅក្នុងសវនាការចុងក្រោយនៅតុលាការកណ្តាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ
រដ្ឋអាជ្ញាបានចោទប្រកាន់លោក យូន និងអតីតរដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងហ្យុន
ថាបានរៀបចំផែនការតាំងពីខែតុលា ឆ្នាំ២០២៣ ដើម្បីព្យួររដ្ឋសភា
និងចោទប្រកាន់គូប្រជែងនយោបាយថាជា «កងកម្លាំងប្រឆាំងរដ្ឋ»។ ពួកគេថែមទាំងបានបង្កើតលេសដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង
តាមរយៈប្រតិបត្តិការដ្រូនសម្ងាត់ទៀតផង។
លោក យូន វ័យ ៦៥ឆ្នាំ
បានបដិសេធរាល់ការចោទប្រកាន់
ដោយអះអាងថាការប្រកាសច្បាប់អាជ្ញាសឹកគឺជាអំណាចរបស់ប្រធានាធិបតី
ដើម្បីដាស់តឿនអំពីការរាំងស្ទះរបស់បក្សប្រឆាំង។
តុលាការត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមនៅខែកុម្ភៈ ខាងមុខនេះ។
សូមជម្រាបថា
ទោះបីជាច្បាប់កូរ៉េខាងត្បូងអនុញ្ញាតឱ្យមានទោសប្រហារជីវិតចំពោះបទបះបោរក៏ដោយ
ក៏ប្រទេសនេះមិនបានអនុវត្តការប្រហារជីវិតជាក់ស្តែងតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ៕ (Reuters)

Post a Comment