លោក ត្រាំ លើកឡើងថា រដ្ឋមន្ត្រីការបរទេស Rubio អាចនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះឡើងវិញនូវសារមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ដែលលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍គុយបា នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា។
លោក ត្រាំ
បានបង្ហោះឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នូវសារមួយដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម X
ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា
ដែលនិយាយថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា»
អមជាមួយរូប emoji សើចផងដែរ។
ក្នុងការបង្ហោះសារនេះឡើងវិញ លោក ត្រាំ បានបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះដោយនិយាយថា
«ស្ដាប់មើលទៅ វាល្អសម្រាប់ខ្ញុំ»។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានគំរាមកាត់ផ្ដាច់លំហូរប្រេង
និងហិរញ្ញវត្ថុទៅកាន់គុយបាទៀតផង បន្ទាប់ពីសហរដ្ឋអាមេរិកបានបណ្ដេញលោក នីកូឡាស់
ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តរបស់គុយបាចេញពីតំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា។
តាមលោក ត្រាំ
គុយបាគួរតែចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មុននឹងអ្វីៗត្រូវហួសពេល។ ប៉ុន្តែប្រធានាធិបតីគុយបា លោក Miguel
Diaz-Canel បានទាត់ចោលការសម្លុតគំរាមរបស់លោក ត្រាំ
ដោយនិយាយថាសហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចខាងសីលធម៌អ្វីដើម្បីបង្ខំឱ្យ គុយបាចុះកិច្ចព្រមព្រៀងណាមួយឡើយ៕ (AFP)

Post a Comment