មូលនិធិចិនដើម្បីអភិវឌ្ឍជនបទផ្តល់កញ្ចប់ Panda ដល់កុមារនៅសាលាបឋមសិក្សាអង្គរោង ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរោង ស្ថិតនៅឃុំ មហាឫស្សី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤០៣នាក់ ទទួលបានកាតាប និងសម្ភារសិក្សាពីគម្រោង Panda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ហៅកាត់ថា CFRD ក្រោមកិច្ចសហការនិងសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស នៃសាលាបឋមសិក្សាអង្គរោង មានសេចក្តីរំភើបឥតឧបមា និងសូមសម្តែងនូវមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគម្រោង Panda Packរបស់ចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់សិស្សានុសិស្សដើម្បីជំរុញលើកកម្ពស់ការសិក្សានៅតាមទីជនបទឱ្យកាន់តែល្អប្រសើរឡើង។ ពួកគាត់លើកឡើងថា អំណោយជាកាតាប និងសម្ភារសិក្សាពីគម្រោង Panda Pack មិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែវាគឺជា "កម្លាំងចិត្ត" ដ៏ធំធេងសម្រាប់កុមារៗនៅសាលាបឋមសិក្សាអង្គរោង។ សម្ភារថ្មីៗទាំងនេះ បានជួយឱ្យពួកគេមានទំនុកចិត្ត បំបាត់ភាពអៀនខ្មាស និងបង្កើតឱ្យមានភាពសប្បាយរីករាយក្នុងការមកសាលារៀនជារៀងរាល់ថ្ងៃ។

លោកសៅ សុទ្ធីនាយកសាលាឋបមសិក្សាអង្គរោងបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ថា  ចាប់តាំងពីទទួលបានកញ្ចប់ Panda Pack មក សិស្សានុសិស្សមានស្មារតីតស៊ូរៀនសូត្រកាន់តែខ្លាំង។ សកម្មភាពសប្បុរសធម៌នេះ គឺជាគំរូដ៏ល្អនៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ជនបទ។

លោកនាយកបញ្ជាក់ដូច្នេះថា៖ « ជាថ្មីម្តងទៀត ក្នុងនាមសាលាបឋមសិក្សាអង្គរោង លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ សូមគោរពជូនពរដល់ម្ចាស់គម្រោង Panda Pack និងសប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រួអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់សម្ភារទាំងនេះឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះ សុំឱ្យម្ចាស់ជំនួយបន្តជួយដល់សាលាយើងខ្ញុំថែមទៀតដើម្បីឱ្យសិស្សមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ និងមានទឹកចិត្តសប្បាយរីករាយក្នុងការសិក្សា។ »

លោកសែម ជាឱពុករបស់សិស្សម្នាក់បានឱ្យដឹងថា ការជួយឧបត្ថម្ភនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារ។ នៅក្នុងស្ថានភាពដែលជីវភាពនៅមានកម្រិត ការដែលកូនៗទទួលបានកញ្ចប់សម្ភារសិក្សាគ្រប់គ្រាន់បែបនេះ គឺជាការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលរកអ្វីប្រៀបផ្ទឹមពុំបាន។

លោក ចាង សិនយៀក (Zhang Shenyue) អ្នកទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មកដល់បញ្ចប់ឆ្នាំ២០២៥ CFRD បានផ្តល់អំណោយកាតាប ចំនួនសរុប២០៣ ៩០០ កញ្ចប់។ កញ្ចប់ផេនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ កញ្ចប់នេះវាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា៕













Powered by Blogger.