1/13/2026

អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាម បើសហរដ្ឋអាមេរិកចង់ អាចសាកបាន

ដូហា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានសហរដ្ឋអាមេរិកថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈជាស្រេចសម្រាប់សង្រ្គាម ហើយថាបើទីក្រុងវ៉ាស៊ីនតោនចង់ អាចសាកមើលក៏បាន។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Al Jazeera ជាភាសាអារ៉ាប់ កាលពីថ្ងៃចន្ទ ទី១២ ខែមករា លោកប្រមុខការទូតអ៊ីរ៉ង់ បាននិយាយថាបណ្ដាញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នៅតែបន្តបើកចំហ នៅចំពោះមុខភាពចលាចលដែលកំពុងកើតឡើង។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាប្រទេសរបស់លោកបានត្រៀមគ្រប់ជម្រើសទាំងអស់ ហើយក៏បានអះអាងដែរថាអ៊ីរ៉ង់ឥឡូវ បានត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរ បើធៀបទៅនឹងសង្រ្គាម១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន។

ការអត្ថាធិប្បាយរបស់លោក Abbas Araghchi ធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថារូបលោកកំពុងពិចារណាលើជម្រើស ឆ្លើយតបទៅនឹងស្ថានការណ៍នៅអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសប្រើកម្លាំងយោធាផងដែរ។

លោក ត្រាំ​កាលពីពេលថ្មីៗនេះក៏បានគំរាមដែរថាលោកអាចនឹងធ្វើអន្តរាគមន៍ដើម្បីជួយក្រុមបាតុករ ប្រសិនបើ កងកម្លាំងសន្តិសុខអ៊ីរ៉ង់បាញ់សម្លាប់ក្រុមបាតុករ។ រហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ត្រាំ បានគំរាមជាថ្មីថានឹងយកពន្ធគយ២៥ភាគរយលើបណ្ដាប្រទេសទាំងឡាយដែលបន្តរកស៊ី ជាមួយអ៊ីរ៉ង់៕