រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន យកចិត្តទុកដាក់លើសុវត្ថិភាព សណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីធានាសន្តិភាព និងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការទទួលនិងចែករំលែកព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីធានានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញនិងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងការតម្រង់ទិសជាយុទ្ធសាស្ត្រលើការអនុវត្តការងាររបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ
ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងព័ត៌មាន
បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌
និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព
និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ
និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា
ការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន និងសាធារណមតិ ក៏ទទួលបានលទ្ធផលគួរជាមោទនផងដែរ
ជាពិសេសក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលទាំងនេះ
ឆ្លុះបញ្ចាំងតាមរយៈការសិក្សាអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាជាលើកទី២
កាលពីខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា
ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥ មានភាពល្អប្រសើរ។ ដូច្នេះ
អាចសន្និដ្ឋានបានថា ការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន មានរបៀបរៀបរយ
ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន មានការកើនឡើង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានបន្តថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ក៏ជាជោគជ័យមួយរបស់ក្រសួងព័ត៌មានផងដែរ។ ចំនួនព័ត៌មានក្លែងក្លាយ បានថយចុះជិត ៤០ភាគរយ
ខណៈពេលដែលក្រសួងព័ត៌មាន បានផ្តួចផ្តើមរៀបចំ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៥មក
ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីព័ត៌មានក្លែងក្លាយ
និងបង្កើនអក្ខរកម្មព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ។ ក្នុងអំឡុងជម្លោះព្រំដែន
ព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាព្រំដែនដែលបង្កើតឡើងដោយប្រទេសអមិត្ត បានកើនឡើងជាគំហុកក្នុងគោលដៅបំបាក់ស្មារតី
និងបំបែកបំបាក់សាមគ្គីភាពរវាងប្រជាជនខ្មែរ។ ថ្វីបើយ៉ាងនេះក្ដី
ក្រសួងបានធ្វើកិច្ចការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ជាលទ្ធផលអាចគ្រប់គ្រងសមរភូមិព័ត៌មាន ក្ដាប់ស្ថានការណ៍
និងការវិវត្តនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព
ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់សារព័ត៌មានយ៉ាងរៀបរយ
មិនបង្កឱ្យមានភាពរញ៉េរញ៉ែក្នុងចំណោមអ្នកសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា
នៅក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន មិនអាចមើលរំលងបានឡើយនូវការទូតព័ត៌មាន
ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍
ជាពិសេសផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងដៃគូនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ
តាមរយៈការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងក្របខណ្ឌអាស៊ាន
ទ្វេភាគី និងពហុភាគី។ សមិទ្ធផលនេះ អាចឆ្លុះបញ្ចាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីលើកទី២០
នៅខេត្តសៀមរាប កាលពីខែកក្កដា កន្លងទៅ
ការទទួលបានមូលនិធិសម្រាប់អនុវត្តគម្រោងជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ចិន វៀតណាម
តួគីយ៉េ និងប្រទេសជាដៃគូផ្សេងៗទៀត។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា
ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់គ្រួសារក្រសួងព័ត៌មាន
នឹងបន្តរួមគ្នាដើរតួនាទីស្នូលក្នុងការចូលរួមលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍
ឱ្យកាន់តែរីកចម្រើន និងកសាងលំហព័ត៌មាននៅកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព
និងទំនួលខុសត្រូវសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕

Post a Comment