គណបក្សកុម្មុយនិស្តវៀតណាម ចាប់ផ្ដើមសមាជដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន
ហាណូយ៖ ក្រុមប្រតិភូមកពីគណបក្សកុម្មុយនិស្ដវៀតណាម នឹងត្រូវជួបជុំគ្នានៅថ្ងៃចន្ទ ទី១៩ ខែមករា នៅក្រោមការរឹតបន្តឹងសន្តិសុខដើម្បីចូលរួមក្នុងសមាជកមួយដែលនឹងធ្វើការជ្រើសរើស មេដឹកនាំរបស់បក្ស និងដាក់ចេញគោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។
សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩
រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹង
និងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់
នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហើយក្រោយមកទៀត
គណៈកម្មាធិការមជ្ឈិមនេះនឹងធ្វើការជ្រើសរើសសមាជិកការិយាល័យនយោបាយពី១៧ ដល់១៩រូប។
ក្រុមប្រតិភូទាំង
១៦០០នាក់គឺជាតំណាងសមាជិកគណបក្សកម្មុយនិស្ដ ៥.៦លាននាក់
នៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនជាង ១០០លាននាក់។
មានការរំពឹងជាច្រើនថាលោក
To Lam អាចនឹងត្រូវបានផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម
ខណៈមានសេចក្ដីរាយការណ៍ថា លោកអាចនឹងទទួលបានតំណែងមួយទៀតគឺប្រធានាធិបតីវៀតណាមទៀតផង។
បន្ទាប់ពីសមាជបក្ស ការិយាល័យនយោបាយនឹងធ្វើការតែងតាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
និងរដ្ឋសភា ហើយការបោះឆ្នោតសភានឹងត្រូវធ្វើឡើង
បន្ទាប់ពីគណបក្សជ្រើសរើសមេដឹកនាំរួចរាល់៕

Post a Comment