គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លុបចោលបំណុលប្រមាណ១លានដុល្លារ ដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលបំណុលប្រមាណ១លានដុល្លារអាមេរិក ដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី និងអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ ដែលបង្ហាញពីការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន។
តាមសេចក្តីប្រកាសព័ត៌មានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលសំខាន់ៗ
នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព
និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ
ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា
ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥
គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ
ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមានការលើកលែងការប្រាក់សរុបមានចំនួន
១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក
ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក
និងការរំខានដល់ការរស់នៅ។
ទន្ទឹមគ្នានេះ
គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលុបចោលបំណុល
(ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ
យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់
និងការបាត់បង់ចំណូលរបស់ពួកគេ។ ព្រមទាំងបានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ ប្រមាណ
៥០០លានដុល្លាអាមេរិក ដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក
និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។
លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
បានរៃអង្គាសថវិកាតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក
ដោយទទួលថវិកាចំនួន ៣៤០.០០០ដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា
យកទៅបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា
វិធានការដែលបានលើកឡើងលើនេះ
ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ
តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា
អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកប ដោយការទទួលខុសត្រូវ
និងកិច្ចការពារអតិថិជន
ហើយនិងបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកអតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ
និងតម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា
ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕




Post a Comment