គ្រួសារយុវតីដែលត្រូវអ្នកជិតខាងរំលោភបំពានរហូតមានផ្ទៃពោះ និងសម្រាលកូនបាន៣ខែ ទទួលបានផ្ទះមួយខ្នងជាចំណងដៃពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប

អត្ថបទ៖ ទ្រី ហៀន    

ខេត្តកែប៖ ប្រមាណជា១ឆ្នាំមុននេះ មានរឿងរ៉ាវដ៏សោកសៅមួយបានកើតឡើងចំពោះយុវតី អាយុ១៤ឆ្នាំម្នាក់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលត្រូវបានអ្នកជិតខាងរំលោភបំពាន រហូតមានផ្ទៃពោះ និងសម្រាលកូនបានរយះពេល៣ខែ។ ដោយមើលឃើញពីទុក្ខលំបាកទាំងផ្នែកស្មារតី និងជីវភាពខ្វះខាត ផ្ទះមានលក្ខណៈតូចចង្អៀត ក្រុមការងាររាជរដ្ឋាភិបាលបានចុះអន្តរាគមន៍ផ្ទាល់។

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ សាយ ចាន់ណាក់ តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយអាជ្ញាធរខេត្តកែប បានសម្រេចសាងសង់ផ្ទះមួយខ្នង ជូនដល់គ្រួសាររងគ្រោះ ដើម្បីផ្តល់ជាទីជម្រកសមរម្យ និងមានសុវត្ថិភាព។

ជាការលើកទឹកចិត្ត ក្រុមការងារបានចុះជួបសំណេះសំណាលផ្ទាល់ ដើម្បីជួយសម្រាលដល់ការឈឺបាប់ និងផ្តល់ភាពកក់ក្តៅដល់យុវតីរងគ្រោះ ហើយការផ្តល់ផ្ទះថ្មីនេះ មិនត្រឹមតែជាការជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវ«ក្តីសង្ឃឹមថ្មី» និងសុវត្ថិភាពដល់ជនរង់គ្រោះក្នុងការចាប់ផ្តើមជីវិតសារជាថ្មី។

សូមជម្រាបថា អំពើហឹង្សាផ្លូវភេទលើកុមារ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ ដែលបន្សល់ទុកនូវរបួសផ្លូវចិត្តពេញមួយជីវិត ហើយសង្ឃឹមថាប្រព័ន្ធច្បាប់ នឹងអនុវត្តទណ្ឌកម្មយ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីផ្តល់យុត្តិធម៌ដល់យុវតីរងគ្រោះ៕










Powered by Blogger.