1/13/2026

បទវិភាគ៖ ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ

បរទេស៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានានៃកោះហ្គ្រីនឡែនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយលើកឡើងថា ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ ។

    មួយរយៈពេលកន្លងមក "ប្តូរឈ្មោះ”ឈូងសមុទ្រម៉ិកស៊ិក “យកព្រែកជីកប៉ាណាម៉ាមកវិញ” “ទិញកោះ ហ្គ្រីនឡែន” ។ល។ ការសម្តែងអាកប្បកិរិយានៃរដ្ឋាភិបាលលោកត្រាំដែលមិនច្រានចោលការប្រើប្រាស់មធ្យោបាយគំរាមកំហែងដោយយោធានិងសេដ្ឋកិច្ចដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិកបានធ្វើឱ្យ សាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

    បន្ទាប់ពីកងទ័ពអាមេរិកបានវាយឆ្មក់ប្រទេសវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំព្រមទាំងនាំខ្លួនទៅសហរដ្ឋអាមេរិកនៅពេលមុននេះមិនជាយូរប៉ុន្មាន លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានរបស់ប្រទេសខ្លួនកាលពីថ្ងៃទី ៤ ខែមករាថា វ៉េណេស៊ុយអេឡាប្រហែលមិនមែនជាប្រទេសចុងក្រោយដែលសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍នោះទេ ហើយបានបន្តថា អាមេរិកត្រូវការកោះហ្គ្រីនឡែនជាដាច់ខាត ។ បន្ទាប់មក លោកស្រីKaroline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានអាមេរិកបានថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិកនិងក្រុមការងាររបស់លោកកំពុងពិគ្រោះពិភាក្សាអំពីជម្រើសជាច្រើនដើម្បីទទួលបានកោះហ្គ្រីនឡែន ក្នុងនោះបូករួមទាំង"ការប្រើប្រាស់កងទ័ព"ផងដែរ ។

    ហេតុអ្វីបានជាលោកត្រាំងប់ងល់នឹងការយកកោះហ្គ្រីនឡែនដោយមិនលាក់លៀមមហិច្ឆិតារបស់ខ្លួន ? នៅពីក្រោយវាបានបង្កប់នូវការគិតពិចារណាជាច្រើនខាងវិស័យយុទ្ធសាស្ត្រភូមិសាស្ត្រ តម្លៃសេដ្ឋកិច្ចនិងសមិទ្ធផលនយោបាយផ្ទាល់ខ្លួនជាដើម ។

    ទីមួយគឺ ទីតាំងយុទ្ធសាស្ត្រនៃកោះហ្គ្រីនឡែនមានសារសំខាន់ខ្លាំងណាស់ ។

    កោះនេះស្ថិតក្នុងទីតាំងសំខាន់នៃតំបន់អាក់ទិកដែលមានទីតាំងនៅលើផ្លូវហោះហើរនិងផ្លូវសមុទ្ររវាងតំបន់អឺរ៉ាស៊ីនិងអាមេរិកខាងជើង ហើយអាចគ្រប់គ្រងផ្លូវនាវាចរណ៍ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិកខាងជើងនិងមហាសមុទ្រទឹកកកអាកទិក ។

    ទីពីរគឺ កោះហ្គ្រីនឡែនមានធនធានធម្មជាតិដ៏សម្បូរបែប ។

    កោះហ្គ្រីនឡែនមានសារធាតុរ៉ែសំខាន់ចំនួន ២៥ ប្រភេទក្នុងចំណោមសារធាតុរ៉ែសំខាន់ចំនួន ៣១ ប្រភេទនៅទូទាំងពិភពលោកដែលបូករួមទាំងរ៉ែដីកម្រ ក្រាហ្វីតនិងលីចូម ។ នេះសុទ្ធតែជាធនធានដ៏ចាំបាច់សម្រាប់ការផលិតបន្ទះឈីប ថាមពលថ្មីនិងឧស្សាហកម្មយោធា ។

    ទីបីគឺ លោកត្រាំរំពឹងថា អាចបន្សល់ទុកនូវ"កេរ្តិ៍មរតកនយោបាយ"របស់ខ្លួនក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។

    ចាប់តាំងពីបានចូលកាន់អំណាចក្នុងសេតវិមានជាថ្មីឡើងវិញមក លោកត្រាំបានបង្ហាញពីមហិច្ឆិតាអំពីការគូរវាសផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញនៃរដ្ឋាភិបាលអាមេរិក ។

    ប្រឈមមុខនឹងការគំរាមកំហែងពីលោកត្រាំដែលបានបញ្ចេញចំពោះកោះហ្គ្រីនឡែន រដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបខាងជើងទាំងប្រាំ គឺ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែសនិងស៊ុយអែតបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាហ្គ្រីនឡែននាពេលថ្មីៗកន្លងទៅនេះដោយសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹងប្រទេសដាណឺម៉ាកនិងកោះហ្គ្រីនឡែនគួរត្រូវបានសម្រេចចិត្តទាំងស្រុងដោយសាមីខ្លួនប្រទេសដាណឺម៉ាកនិងហ្គ្រីនឡែន ។

    ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩ ភាគរយបានរិះគន់ថា ផែនការវាតទីនិយមនៃរដ្ឋាភិបាលអាមេរិកនឹងបង្កើនស្ថានការណ៍តានតឹងនៅទូទាំងពិភពលោកនិងបំផ្លាញសន្តិភាពក្នុងតំបន់និងស្ថិរភាពពិភពលោក ។

    មហិច្ឆតាអនុត្តរភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាការរំលោភបំពានយ៉ាងកម្រោលចំពោះគោលការណ៍អធិបតេយ្យភាពជាតិ ។ សំឡេងប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិបានបង្ហាញយ៉ាងច្បាស់ថា រាល់ប៉ុនប៉ងណាមួយរបស់អំណាចខ្លាំងសុទ្ធតែមិនអាចរង្គោះរង្គើការបេជ្ញាចិត្តរបស់ប្រជាជាននៃបណ្តាប្រទេសនានាក្នុងការជ្រើសរើសដោយម្ចាស់ការបានឡើយ ។ ជានិច្ចជាកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិនិង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»ជាមូលដ្ឋាន ហើយប្រឆាំងនឹងទង្វើអនុត្តរភាពទោះតាមទម្រង់ណាក៏ដោយដើម្បីគាំពារសន្តិភាពនិងសច្ចយុត្តិធម៌ពិភពលោក ៕