រដ្ឋបាលស្រុកស្ទឹងហាវ ប្រាប់ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ផ្សេងៗដែលសង់រំលោភចូលក្នុងសមុទ្រ

អត្ថបទ៖ ទឹង សុភាព 

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវបានជម្រាបមកម្ចាស់ភោជនីយដ្ឋាន BEACE HOUSEស្តីពីការរុះរើស្ពាន និងសំណង់ផ្សេងៗដែលបានសាង់សង់កន្លងមក ដោយពុំមានច្បាប់អនុញ្ញាតរំលោភចូលទៅក្នុងសមុទ្រ។

យោងអនុក្រឹត្យលេខៈ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងអាងទន្លេ។កំណត់ហេតុចុះថ្ងៃទី៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ស្តីពីការចុះពិនិត្យការសាងសង់សំណង់(ស្ពាន)ចូលក្នុងចំណីសមុទ្រ របស់ ភោជនីយដ្ឋាន BEACH HOUSE (ចំនួន ២លើក)។

  សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលស្រុកស្ទឹងហាវ សូមជម្រាបមកម្ចាស់ភោជនីយដ្ឋាន BEACH HOUSE ជ្រាបថា កន្លងមកក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះហាមឃាត់ផ្អាក និងបានតម្រូវឱ្យរុះរើសំណង់នានា ដែលបានសាងសង់ដោយគ្មានការអនុញ្ញាតចូលក្នុងសមុទ្រចំនួនពីរលើករួចមកហើយ ជាក់ស្ដែងគឺមានស្ពានដែលមានទទឹង៦ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ និងកញ្ចុះកំសាន្តមួយចំនួនទៀតពិតជាបានសាងសង់រំលោភតាមបណ្ដោយនៃចំណីសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អាស្រ័យហេតុនេះ រដ្ឋបាលស្រុកស្ទឹងហាវ តម្រូវឱ្យម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួនឯងគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ក្នុងករណីម្ចាស់ទីតាំងខាងលើមិនចូលរួមសហការ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន និងចុះរុះរើដោយផ្ទាល់ហើយការចំណាយក្នុងការរុះរើសំណង់ជាបន្ទុករបស់ម្ចាស់ទីតាំងផ្ទាល់។ ចំពោះផលប៉ះពាល់ខូចខាតសំណង់ផ្សេងៗទៀតរដ្ឋបាលស្រុកស្ទឹងហាវមិនទទួល់ខុសត្រូវឡើយ។

សូមម្ចាស់ទីតាំង ភោជនីយដ្ឋាន BEACH HOUSE ចូលរួមសហការក្នុងការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះឱ្យបានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ៕











Powered by Blogger.