JBC កម្ពុជា ផ្ញើកំណត់ការទូតទៅ JBCថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ នៅដើមខែមករា
ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដោយស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា។
ការងារវាស់វែងនិងខណ្ឌសីមារួមមានដូចជា៖
១៖ បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង
នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ
និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ
និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង
ស្រុកកំរៀង ខេត្តបាត់ដំបង។
២៖ ពិភាក្សាអំពីការចុះវាស់វែង
និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន
ចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មជា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់),
តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់),
តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)
និងតំបន់ព្រំដែន ផ្សេងទៀត។
៣៖ បញ្ជូនក្រុមវាស់វែងចម្រុះ
ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅ កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា
(ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែ ព្រំដែនជាបន្ទាត់ត្រង់)
ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ
ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ
ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសរបស់
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា
ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ
ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ
គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព
អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី
និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោល ព្រំដែនឥណ្ឌូចិន-សៀម
ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា
នាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្ត ការងារវាស់វែង
និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន គោក (JBC)
ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន
និងមិនទទួលស្គាល់នូវការ កែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា
ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)
កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ
និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ
ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕





Post a Comment