វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាអំពាវនាវដល់អ្នកសារព័ត៌មានត្រូវត្រៀមខ្លួនឲ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន

ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា(វ.ន.ស.ក) លើកទី២២ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយនិពន្ធនាយក និពន្ធនាយករង និងម្ចាស់ស្ថាប័នសារព័ត៌មានបានជជែកពិភាក្សាយ៉ាងល្អិតលើខ្លឹមសារសំខាន់ៗទាក់ទងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) បានចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម ដែលនឹងកើតឡើង។ ក្នុងន័យនេះការលើកយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» មកជជែកពិភាក្សានាពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តុះស្មារតីអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជនជាតិ និងអន្តរជាតិ។

ផ្តើមពីនោះម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង រួមទាំងតំណាងស្ថាប័នសារព័ត៌មានបានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្តូរយោបល់ ហើយបានអនុម័តចេញនូវសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដូចខាងក្រោម៖

១-   វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈ ក្រមសីលធម៌ សំខាន់ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។

២-   វ.ន.ស.ក.  យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន។

៣-   វ.ន.ស.ក. យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែនការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការប្រឈមផ្លូវច្បាប់។

៤-   វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែនគប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុងរស់នៅតាមបណ្តោយព្រំដែនក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយរួមទាំងអ្នកទេសចរផងដែរ។

៥-   វ.ន.ស.ក. អំពាវនាវដល់អ្នកសារព័ត៌មានមិនត្រូវធ្វើសេចក្តីរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដោយសំអាងលើប្រភពមិនច្បាស់លាស់ ឬផលិតមាតិកាក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងខ្វះការទទួលខុសត្រូវដែលនាំឱ្យជម្លោះកាន់តែតានតឹង។

៦-   វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតជួយជ្រោមជ្រែងឱ្យមានសន្តិភាពជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ការធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។

៧-   វ.ន.ស.ក. ស្នើផងដែរចំពោះការប្រើពាក្យពេចន៍អត្ថាធិប្បាយដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ចំពោះព័ត៌មានរសើប ការិយាល័យនិពន្ធ ស្ថាប័នព័ត៌មានគប្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់រាល់ព័ត៌មានដែលត្រូវចេញផ្សាយលឿនទាន់ហេតុការណ៍ ដើម្បីធានាថារាល់ខ្លឹមសារដែលចេញផ្សាយបានត្រឹមត្រូវ ដោយប្រមូលពីប្រភពច្បាស់ការណ៍ និងផ្លូវការ ជាភស្តុតាងរឹងមាំសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន។

៨-   វ.ន.ស.ក.  រម្លឹកអ្នកសារព័ត៌មានគប្បីយល់ថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ហាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេសនីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ និងស្វែងរកប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្នើរដ្ឋាភិបាលផ្តល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀងទាត់ ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។

៩-   វ.ន.ស.ក. ស្នើដោយទទូចថា បើទោះបីជាអ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានជម្លោះនឹងគ្នាមាននិន្នាការ ទស្សនៈនយោបាយ និងសាសនាខុសគ្នា ព្រមទាំងមានចិត្តស្រលាញ់ជាតិសាសន៍រៀងៗខ្លួនក៏ដោយ ក៏ត្រូវគិតឱ្យបានល្អិតល្អន់មុនផ្សាយអត្ថបទព័ត៌មានស្តីពីជម្លោះ ដើម្បីចៀសវាងការយល់ច្រឡំគ្នាកាន់តែធំ និងពង្រីកជម្លោះកាន់តែខ្លាំងឡើង។
១០- ផ្តើមពីនោះ វ.ន.ស.ក. សូមអំពាវនាវដោយទទូចជាថ្មីទៀតដល់និពន្ធនាយក និងអ្នកកែសម្រួល អត្ថបទព័ត៌មាននៃប្រទេសមានជម្លោះជាមួយកម្ពុជាត្រូវប្រកាន់យកជំហរដូចគ្នាដើម្បីរក្សាភាពថ្លៃថ្នូរ ក្រមសីលធម៌ និងសុខដុមរមនាសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា៕




 




Powered by Blogger.