ឯកឧត្តម គឹម គុណវឌ្ឍ៖ បច្ចុប្បន្នការបង្កើតព័ត៌មានក្លែងក្លាយ កំពុងសកម្មនៅក្នុងសង្គមព័ត៌មានរបស់ថៃ ដូច្នេះសូមកុំធ្វើជាស្ពានចម្លង នៅព័ត៌មានក្លែងបន្លំ ព័ត៌មានក្លែងក្លាយ ដែលសង្គមថៃកំពុងបំផុសនៅពេញមេឃ
អត្ថបទ : ថោង វណ្ណា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា នៅក្នុងយុគសម័យបញ្ញាសប្បនិមិត្ត Al កំពុងតែបង្កើតឡើងនូវព័ត៌មាននានា ទាំងព័ត៌មានដែលធ្វើឱ្យមានការចាប់អារម្មណ៍ដល់សាធារណជនសាមញ្ញ និងព័ត៌មានដែលធ្វើឱ្យចាប់អារម្មណ៍ដល់ក្រុមគ្រួសារអ្នកសារព័ត៌មានរបស់យើងក្នុងដំណាក់កាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿជឿជាក់ថា លោក-លោកស្រីជានិពន្ធនាយកទាំងអស់ ពិតជានឹងបន្តធ្វើការអប់រំបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន នៅក្នុងអង្គភាពសារព័ត៌មានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ហើយតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីប្រភពព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងបែងចែកព័ត៌មាន។
ទន្ទឹមនេះលោក-លោកស្រីជានិពន្ធនាយក រួមជាមួយអស់លោកដែលជាអ្នកសារព័ត៌មានចំណុះឱ្យអង្គភាពដែលស្ថិតក្រោមលោក-លោកស្រីជានិពន្ធនាយករួមដៃគ្នា ដើម្បីផ្តល់ព័ត៌មានពិតអំពីស្ថានការណ៍ដែលកំពុងកើតឡើងទៅលើជម្លោះប្រដាប់អាវុធរវាងកម្ពុជា ដែលថៃបានរំលោភឈ្លានពានមកលើដែនបូរណភាពទឹកដីរបស់យើង។
ប្រជាពលរដ្ឋរបស់យើង បានទន្ទឹងរង់ចាំ និងតែងតែតាមដាន រង់ចាំពីព័ត៌មានពិតរបស់លោក-លោកស្រីតាមរយ: សំណេរ រូបភាព ការអត្ថាធិប្បាយ ដែលទាំងអស់នេះយើងត្រូវតែរួមចំណែកនៅក្រោមម្លប់ នៅក្រោមឆ័ត្រ នៃការដឹកនាំ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាបង្ហាញអំពីសុឆន្ទៈរបស់សង្គមកម្ពុជាយើង របស់រាជរដ្ឋាភិបាលកម្ពុជាយើង របស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលប្រកាន់យកសន្តិភាពជាគោលការណ៍គន្លឹះ ប្រកាន់យកសន្តិសហវិជ្ជមាន ប្រកាន់យកការចរចាដំណោះស្រាយវិវាទ ដោយការចរចាដោយសន្តិវិធីស្មើភាព។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន គឺជាការចាំបាច់ដែលលោក-លោកស្រីជានិពន្ធនាយក ឬអង្គភាពព័ត៌មាននានាត្រូវតែជំរុញឱ្យអ្នកសារព័ត៌មានដែលស្ថិតនៅក្នុងអង្គភាពវិលត្រឡប់ចូលមកកាន់ការសិក្សា ទាំងការសិក្សាកម្រិតមធ្យម ទាំងការសិក្សារយៈពេលខ្លី ទាំងការសិក្សារយៈពេលវែង ដែលការសិក្សានេះត្រូវបានបង្កើត និងត្រូវបានរៀបចំឡើងជាច្រើនមានទាំងអង្គការវិស័យសារព័ត៌មានដូចជា ក្លឹបអ្នកកាសែតកម្ពុជាជាដើម មានទាំងក្រសួងព័ត៌មាន ដើម្បីធ្វើយ៉ាងណាយើងរត់ឱ្យទាន់នាយុគសម័យឌីជីថល។
ឯកឧត្តមសង្កត់ធ្ងន់ថា ឥឡូវនេះយើងគួរកំណត់អ្នកសារព័ត៌មានយើងថា ជាអ្នកសារព័ត៌មានឌីជីថល បើសិនជាអ្នកសារព័ត៌មានរបស់យើងមិនស្គាល់ថា អ្វីជាឌីជីថល មិនស្គាល់ថាអ្វីជាសញ្ញាសប្បនិម្មិត នោះយើងមិនអាចប្រើដល់ទស្សនៈមហាជន ជាពិសេសយុវវ័យរបស់យើងដែលមានរហូតទៅដល់កម្រិតជាង ៦០ភាគរយក្នុងសង្គមជាតិ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចេះដឹងទៅលើផ្នែកឌីជីថល និងសប្បនិម្មិតនេះ ដែលទាមទារឱ្យអ្នកសារព័ត៌មានរបស់យើង ត្រូវប្រែក្លាយអំពីព័ត៌មាន ឱ្យក្លាយទៅជាព័ត៌មានដែលទទួលយកជាការចាំបាច់ និងខានមិនបានសម្រាប់សាធារណជន។
ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីបានសំណើសុំដ៏ទទូចដល់អ្នកសារព័ត៌មានតាមរយៈការគ្រប់គ្រងរបស់និពន្ធនាយករបស់យើង គឺការចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ ដែលបច្ចុប្បន្នការបង្កើតឡើងនូវព័ត៌មានក្លែងក្លាយ គឺកំពុងតែសកម្មនៅក្នុងសង្គមព័ត៌មានរបស់ប្រទេសថៃ ដូច្នេះសូមឱ្យលោក-លោកស្រីកុំធ្វើជាស្ពានចម្លង នូវព័ត៌មានទាំងឡាយ ដែលសុទ្ធជាព័ត៌មានក្លែងបន្លំ ដែលសុទ្ធជាព័ត៌មានក្លែងក្លាយ ដែលសង្គមព័ត៌មានថៃ កំពុងបំផុសនៅពេញមេឃ (កំពុងតែបង្ហោះនៅពេញមេឃ) ហើយបើសិនជាយើងស្រូបយកព័ត៌មានទាំងអស់នោះមកធ្វើជាការផ្សាយ ហាក់បីដូចជាស្ពានចម្លងយកនូវព័ត៌មានមិនពិតសម្រាប់សារធារណៈមតិរបស់យើង។
ដូច្នេះសង្ឃឹមជឿជាក់ថា លោក-លោកស្រីជានិពន្ធនាយក ដែលបានចូលរួមនៅក្នុងវេទិកានិពន្ធសារព័ត៌មាន លើកទី២២ នេះ នឹងធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ អំពីអ្វីទៅដែលយើងនឹងត្រូវបន្តដំណើរឆ្ពោះទៅមុខ ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហាសន្តិភាពរបស់កម្ពុជាកាន់តែរឹងមាំ ធ្វើយ៉ាងណាឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រងដោយរាជរដ្ឋាភិបាល គ្រប់គ្រងដោយកងយុទ្ធពលខេមរភូមិន្ទ និងគ្រប់គ្រងដោយប្រជាពលរដ្ឋកម្ពុជា ដ៏ប្រពៃរបស់យើងទាំងអស់គ្នា៕








Post a Comment