រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធពិធីបដិបត្តិសមាធិចម្រើនឈាន ដើម្បីសន្តិភាព និងផ្សាយមេត្តាធម៌ដើម្បីបំពេញកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព ពលីជីវិតដោយការឈ្លានពានរបស់ទាហានថៃ
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំពិធី «បដិបត្តិសមាធិចម្រើនឈាន ដើម្បីសន្តិភាព និងផ្សាយមេត្តាធម៌បំពេញកុសលផលបុណ្យ ជូនវីរកងទ័ព វីរនគរបាលជាតិ ដែលបានពលីជីវិតដើម្បីការពារជាតិ មាតុភូមិកម្ពុជា» នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោធិបតី ស្ថិតក្នុងក្រុងស្ទឹងត្រែងមុខសាលាខេត្ត ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក ជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ពិធីនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ និងបង្ហាញនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព និងវីរៈនគរបាលទាំងអស់ ដែលបានលះបង់ជីវិតយ៉ាងក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ ។
ឯកឧត្តមបានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងសារសំខាន់នៃការផ្សាយមេត្តាធម៌ តាមរយៈការបដិបត្តិសមាធិចម្រើនឈាន ដើម្បីរួមចំណែកដល់ភាពសុខដុមរមនា ។ ហើយវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានពលីដើម្បីជាតិនេះ គឺជាគំរូដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយ ៕







Post a Comment