ជនភៀសសឹកនៅប្រទេសថៃកំពុងរងសម្ពាធខ្លាំង ដោយត្រូវក្រុមហ៊ុនហិរញ្ញវត្ថុទាមទារសងបំណុល
បាងកក៖ ជនភៀសខ្លួន ដែលរត់គេចពីសង្រ្គាមរវាងថៃ និងកម្ពុជា កំពុងស្ថិតក្រោមសម្ពាធខ្លាំងនាពេលនេះ ស្របពេលដែលក្រុមហ៊ុនហិរញ្ញវត្ថុបានទាមទារឱ្យពួកគេបង់ថ្លៃទូទាត់បំណុល។
ជនភៀសសឹកជាច្រើន
ត្រូវបង្ខំចិត្តខ្ចីលុយពីសាច់ញាតិ និងអ្នកដទៃ ដើម្បីសងបំណុល ហើយភ័យខ្លាចថាយានជំនិះ
ក៏ដូចជាទ្រព្យសម្បត្តិ នឹងត្រូវបានរឹបអូស។ ការប្រយុទ្ធគ្នា
បានអូសបន្លាយជិត២សប្តាហ៍មកហើយ ធ្វើឱ្យពួកគេមិនអាចធ្វើការងារដូចធម្មតាបាន
និងគ្មានប្រាក់ចំណូល។
កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ ក្រុមអ្នកកាសែតថៃ
បានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន
ដែលបានជម្លៀសខ្លួនទៅកន្លែងជ្រកកោនសុវត្ថិភាព ក្នុងខេត្ត Buriram
កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារពួកគេមិនបានធ្វើការងារ
ហើយមិនមានប្រាក់ចំណូលអស់រយៈពេលជិត ២សប្តាហ៍។
ជនភៀសសឹកថៃជាច្រើននាក់
ត្រូវបានទាក់ទងដោយក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទាន
ទាមទារឱ្យពួកគេទូទាត់បំណុលរបស់ខ្លួន សម្រាប់យានជំនិះនិងផ្ទះសម្បែង។
ប្រការនេះបានបង្កការភ័យព្រួយជាខ្លាំង ដ្បិតពួកគេមិនដឹងទៅរកលុយពីណាយកមកសងបំណុល
ដោយសារមិនអាចធ្វើការរកចំណូល អស់រយៈពេលជាង១០ថ្ងៃមកហើយ ដោយសារតែសង្រ្គាម។
ប្រាក់សន្សំតិចតួចដែលពួកគេមាន គឺភាគច្រើនត្រូវបានប្រើប្រាស់ អំឡុងពេលជម្លៀសខ្លួន។
អ្នកខ្លះត្រូវបង្ខំចិត្តទៅខ្ចីលុយបន្តពីសាច់ញាតិ ឬអ្នកស្គាល់គ្នា
ដើម្បីយកទៅសងបំណុល។ ពួកគេបារម្ភថា យានជំនិះនិងផ្ទះសម្បែងរបស់ខ្លួន
អាចនឹងត្រូវរឹបអូស ប្រសិនបើមិនអាចរកលុយបង់ឱ្យគេបាន។
ជនភៀសសឹកទាំងនោះ បានអំពាវនាវថា បើអាចទៅរួច
ពួកគេសូមស្នើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទានទាំងឡាយ
យោគយល់ផ្តល់ការអនុគ្រោះឬពន្យារពេល សម្រាប់ការបង់ប្រាក់
ដើម្បីជួយសម្រាលបន្ទុកលើប្រជាជនដែលរស់នៅតាមព្រំដែន ព្រោះគ្មាននរណាដឹងច្បាស់ថា
ពេលណាសង្រ្គាមនឹងចប់ ឬពេលណាពួកគេនឹងអាចត្រឡប់ទៅធ្វើការចិញ្ចឹមជីវិត
ដូចធម្មតាវិញឡើយ៕

Post a Comment