ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អំពាវនាវដល់សាកលវិទ្យាល័យ សហការជាមួយដៃគូកែច្នៃអាហារ សម្រាប់កងទ័ព និងជនភៀសសឹក

ភ្នំពេញ÷ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ស្ដីពី “គោលនយោបាយ និងឱកាស” ក្នុងវិស័យស្វាយចន្ទី ដល់លោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអំពាវនាវដល់សាកលវិទ្យា សហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីរួមគ្នាកែច្នៃអាហារសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនជនភៀសសឹក ជាពិសេសសម្រាប់កងទ័ព ដែលត្រូវការអាហារឆ្អិនស្រាប់ និងងាយស្រួលបរិភោគ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា វិបត្តិព្រំដែនកម្ពុជា-ថៃ មានទាំងហានិភ័យ និងឱកាសសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត បានលើកឡើងពីភាពធន់ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា តាមរយៈកំណើនតម្រូវការផលិតផលក្នុងស្រុក និងសកម្មភាព SME ក្នុងវិស័យអាហារ។ ចំពោះស្ថានភាពបច្ចុប្បន្ន ត្រូវមានបទឈប់បាញ់ជាបន្ទាន់ ព្រមជាមួយនឹងការកសាងឡើងវិញនូវទំនាក់ទំនងការទូត ដើម្បីស្តារសេដ្ឋកិច្ចព្រំដែន និងទំនុកចិត្តវិនិយោគិន។ 

កម្ពុជាមានប្រៀបក្នុងសង្គ្រាមព័ត៌មាន ដោយបញ្ជាក់ការពិតអំពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្រោមការឈ្លានពានរបស់ថៃ។ ពេលនេះសកម្មភាពអទិភាពរបស់យើងរួមមាន៖ (១) ជំនួយមនុស្សធម៌ (២) កំណត់ត្រាភស្តុតាងការឈ្លានពាន និងការខូចខាត ដើម្បីទទួលការគាំទ្រអន្តរជាតិ និង (៣) ជំរុញការទូត ដើម្បីទទួលបានបទឈប់បាញ់ ស្តារស្ថិរភាព និងសេដ្ឋកិច្ចព្រំដែន។


ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា

រូបភាព៖ នាយកដ្ឋានព័ត៌មាន














Powered by Blogger.