ពូទីន បង្ហើបថា រុស្ស៊ីអាចប្តូរទឹកដីជាមួយអ៊ុយក្រែន តែទាមទារយកតំបន់ដុនបាសទាំងមូល

មូស្គូ៖ កាសែត Kommersant បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ធុរកិច្ចជនកំពូលៗរបស់រុស្ស៊ីថា លោកអាចនឹងបើកចំហចំពោះការផ្លាស់ប្តូរទឹកដីមួយចំនួនដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែលោកនៅតែប្រកាន់ជំហរចង់បានតំបន់ដុនបាស (Donbas) ទាំងមូល។

នៅក្នុងកិច្ចប្រជុំសម្ងាត់នៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២៤ ខែធ្នូ លោក ពូទីន បានអះអាងថា «តំបន់ដុនបាសជារបស់យើង» ប៉ុន្តែសម្រាប់តំបន់ផ្សេងទៀតដែលរុស្ស៊ីកាន់កាប់ «ការផ្លាស់ប្តូរទឹកដីដោយផ្នែក...មិនត្រូវបានច្រានចោលទេ»

លើសពីនេះ កាសែត Kommersant បានឱ្យដឹងថា លោក ពូទីន ក៏បានលើកឡើងពីបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ ដោយបញ្ជាក់ថា ការគ្រប់គ្រងរួមគ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងត្រូវបានពិភាក្សា។ លោកថែមទាំងបានបង្ហើបថា អាមេរិកចាប់អារម្មណ៍លើការធ្វើអាជីវកម្មជីកយកកាក់គ្រីបតូ (Crypto mining) នៅជិតរោងចក្រនោះ ហើយថារោងចក្រគួរតែផ្គត់ផ្គង់អគ្គិសនីមួយផ្នែកដល់អ៊ុយក្រែន។

ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ថ្វីបើការចរចានៅ Miami មានវឌ្ឍនភាពលើផែនការ ២០ចំណុចក្តី ប៉ុន្តែភាគីទាំងពីរនៅតែមិនទាន់ឯកភាពគ្នាលើការទាមទារឱ្យអ៊ុយក្រែនកាត់តំបន់ដុនបាស និងអនាគតនៃរោងចក្រនុយក្លេអ៊ែរនោះទេ៕



 

Powered by Blogger.