លោក លី សារី បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ

(រដ្ឋបាលខេត្ត)

សៀមរាប ÷ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក លី​ សារី​ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក យឹម​ វៃ បុគ្គលិកបាញ់កាំភ្លេីងយន្ត​ នៃកងពលអន្តរាគមន៍លេខ៨​ អង្គភាពកងពលធំអន្តរាគមលេខ៣ បានពលីកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់បង្គោល៨។ 

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកអនុសេនីយ៍ឯក យឹម​ វៃ បុគ្គលិកបាញ់កាំភ្លេីងយន្ត​ នៃកងពលអន្តរាគមន៍លេខ៨​ អង្គភាពកងពលធំអន្តរាគមលេខ៣ បានពលីកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់បង្គោល៨ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ លោកអភិបាលរងខេត្ត សូមសម្តែងនូវការអសោកស្តាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។

មរណភាពរបស់ លោកអនុសេនីយ៍ឯក យឹម​ វៃ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការ ឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។

សូមដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក យឹម​ វៃ​ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំនឹងចង់ចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕




























Powered by Blogger.