សហភាពអឺរ៉ុបផ្ដល់ថវិកាជាង២២លានដុល្លារ ដល់កម្ពុជាក្នុងឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍន៍​

ភ្នំពេញ៖ សហភាពអឺរ៉ុបបានផ្ទេរថវិកាក្នុងឆ្នាំ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ជាង ២២ លានដុល្លារអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានារួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ នេះបើយោងតាមឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ២០២៥នេះ នៅក្នុងកិច្ចសន្ទនាទ្វេភាគីជាមួយឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្តានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើតក៏ដូចជា និន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារកែទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ុហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំរួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព, គឺយើងបាន ជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែលគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូអង្វែង”។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម”។

គួរបញ្ជាក់ដែរថា តាមរយៈយុទ្ធសាស្ត្រវិនិយោគសកល (Global Gateway Investment Strategy), សហភាព អឺរ៉ុប ជំរុញការវិនិយោគប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏កំពុងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពនានាដូចជា ថាមពល ទឹក និង ការអប់រំ/ជំនាញ៕






 

Powered by Blogger.