រដ្ឋបាលស្រុកអូររាំង បើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំដាក់ដាំ

អត្ថបទ៖ ជឹម ទុច

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឌុន សុខា ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក-ឃុំ, លោក លោកស្រីអភិបាលរងស្រុក, នាយក-នាយករងរដ្ឋបាលស្រុក, ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរឃុំ ស្មៀន មេភូមិ និងអនុភូមិផងដែរ។

ផ្លូវបេតុងអាមេដែលត្រូវបានបើកការដ្ឋានស្ថាបនានេះ មានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

 * ប្រភេទផ្លូវ៖ បេតុងអាមេ (បេតុងមានសរសៃដែក)

 * ប្រវែងសរុប៖ ៤៨៥ ម៉ែត្រ

 * ទទឹងខ្នងលើ៖ ៦ ម៉ែត្រ

 * កម្រាស់បេតុង៖ ០,១៥ ម៉ែត្រ (១៥ សង់ទីម៉ែត្រ)

នៅក្នុងឱកាសនោះ គណៈអធិបតីបានបញ្ជាក់ថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរស់នៅឱ្យកាន់តែមានភាពប្រសើរឡើង។ នេះក៏ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីលើកកម្ពស់សោភ័ណភាព និងសេដ្ឋកិច្ចនៅក្នុងឃុំដាក់ដាំផ្ទាល់។

អាជ្ញាធរស្រុកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងយោគយល់អធ្យាស្រ័យចំពោះការរំខាននានាក្នុងអំឡុងពេលដំណើរការសាងសង់ ដើម្បីឱ្យគម្រោងនេះបញ្ចប់ទៅតាមផែនការ និងប្រកបដោយគុណភាពខ្ពស់៕








Powered by Blogger.