គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ

សេអ៊ូល៖​ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការធ្វើតេស្ដបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ នៅឯទីតាំងធ្វើតេស្ដមួយស្ថិតនៅក្បែរតំបន់ ឆ្នេរភាគខាងកើតរបស់ខ្លួន។

KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូថាការធ្វើតេស្ដមីស៊ីលបានធ្វើឡើងកាលពីថ្ងៃពុធ និងមានគោលដៅវាយតម្លៃលើបច្ចេកវិទ្យា យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍមីស៊ីលស៊េរីថ្មី។ តាម KCNA មីស៊ីលខាងលើជាប្រភេទមីស៊ីលបាញ់ពីដីគោកទៅអាកាស ហើយនៅក្នុងការធ្វើតេស្ដ មីស៊ីលនេះបានកម្ទេច គោលដៅនៅលើដែនអាកាសក្នុងរយៈចម្ងាយ ២០០គីឡូម៉ែត្រ។

លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យការដ្ឋានសាងសង់មួយនៅឯទីតាំងដាច់ដោយឡែកមួយ ដែលកំពុងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងមានទម្ងន់ ៨៧០០តោន និងប្រដាប់ដោយមីស៊ីល។

តាម KCNA​ គម្រោងផលិតនាវាមុជទឹកគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកដែលជាគោលនយោបាយដ៏សំខាន់មួយក្នុងចំណោម គោលនយោបាយទាំង៥ ដែលកូរ៉េខាងជើងកំពុងអនុវត្តដើម្បីអភិវឌ្ឍសមត្ថភាពយោធា៕ (Reuters)



 

Powered by Blogger.