រដ្ឋមន្រ្តីសុខាភិបាល៖ នៅក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីប្រទេសថៃ មន្រ្តីបុគ្គលិកសុខាភិបាលជួរមុខបំពេញភារកិច្ចក្នុងភាពក្លាហាន

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣០៣៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។ ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រមសូមផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកការយល់ឃើញរបស់វិស័យនានាដែលថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានសង្គត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។

បន្ទាប់ពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងចំនួន២ ដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ មកចែករំលែកសម្រាប់ធ្វើការពិចារណា៖ (១)សូមកុំគិតថាអ្នកដឹកនាំត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំណុចនេះជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព (២)សូមកុំជឿថាអ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬអាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះអ្នកដឹកនាំត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍន៍ក្រុមការងារ ដែលនៅជុំវិញ ព្រោះក្រុមការងារដែលនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យសម្រេចបាននូវគោលដៅធំៗ របស់អង្គភាព ឬស្ថាបន័។

បន្តទៀត ក្រុមការងារមជ្ឈមណ្ឌលជាតិគាំពារមាតារ និងទារក បានធ្វើការបង្ហាញពីវិធីសាស្រ្តដើម្បីទាក់ទាញអ្នកមកប្រើប្រាស់សេវាឱ្យកាន់តែច្រើន។ ការបង្ហាញនេះបានទាក់ទាញឱ្យការពិភាក្សា និងផ្តល់យោបល់លើការងារតាមដានកំហុសវេជ្ជសាស្រ្ត ការគោរពក្រមសីលធម៌វិជ្ជាជីវៈ។ល។



 

Powered by Blogger.