តុលាការកំពូលថៃ បង្គាប់ឱ្យ Thaksin បង់ពន្ធជាង ៥៤០លានដុល្លារ ពីការលក់ក្រុមហ៊ុន Shin Corporation

បាងកក៖ តុលាការកំពូលថៃ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានបង្គាប់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក Thaksin Shinawatra បង់ពន្ធត្រឡប់ជូនរដ្ឋវិញ ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់លោក ខណ​ៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរាយការណ៍ចំនួនទឹកប្រាក់ដែលត្រូវបានបង់ពន្ធនោះមានដល់ទៅជាង៥៤០លានដុល្លារ។

កាលពីឆ្នាំ២០០៦ លោក Thaksin បានរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងជាប់ផុងក្នុងរឿងអាស្រូវគេចពន្ធពីការលក់ភាគហ៊ុននៃក្រុមហ៊ុនរបស់លោកមានឈ្មោះថា Shin Corporation ទៅឱ្យក្រុមហ៊ុនសិង្ហបុរី Temasek។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋប្រហារមួយ និងក្រោយបាននិរទេសខ្លួនឯង ទៅរស់នៅនៅបរទេសជាងមួយទសវត្សរ៍ ហើយបច្ចុប្បន្ន មហាសេដ្ឋីថៃមានអាយុ ៧៦ឆ្នាំរូបនេះកំពុងជាប់ឃុំក្នុងពន្ធនាគារ។

អ្នកនាំពាក្យតុលាការកំពូលថៃ លោក Suriyan Hongvilai បានឱ្យដឹងកាលពីថ្ងៃចន្ទថាតុលាការកំពូលបានលុបចោលសាលក្រមរបស់សាលាឧទ្ធរណ៍ក្នុងករណីពន្ធ ដោយបង្ខលោក Thaksin អនុវត្តតាមការបង្គាប់របស់នាយកដ្ឋានប្រាក់ចំណូលដើម្បីបង់ពន្ធត្រឡប់ជូនរដ្ឋវិញ។ លោក Suriyan មិនបានបញ្ជាក់ថាតើចំនួនទឹកប្រាក់ប៉ុន្មាននឹងត្រូវបង់ពន្ធជូនរដ្ឋវិញនោះទេ តែប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនរាយការណ៍ថាតុលាការកំពូលថៃបានបង្គាប់ឱ្យលោក Thaksin បង់ពន្ធ និងប្រាក់ពិន័យជាង ១៧.៦ពាន់លានបាត ឬស្មើនឹងជាង ៥៤០លានដុល្លារ៕ (AFP)



 

Powered by Blogger.