ឥណ្ឌូណេស៊ី ដំឡើងកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈភ្នំភ្លើង Semeru ផ្ទុះឡើងក្បែរកោះបាលី

ស៊ូរ៉ាបាយ៉ា៖ ភ្នំភ្លើងមួយនៅលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃពុធនេះ ដោយបានផ្លុំផ្សែងផេះ និងឧស្ម័នចូលទៅក្នុងអាកាសកម្ពស់រាប់គីឡូម៉ែត្រ ដែលបង្ខំឱ្យមន្ត្រីដំឡើងស្ថានភាពប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA

លោក មូហាម៉ាត់ វ៉ាហ្វីត (Muhammad Wafid) ប្រធានទីភ្នាក់ងារភូគម្ភសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា ភ្នំភ្លើង សេមេរូ (Mount Semeru) នៅភាគខាងកើតកោះជ្វា ដែលមានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រពីភាគខាងលិចនៃតំបន់ទេសចរណ៍កោះបាលី បានផ្ទុះឡើងនៅម៉ោង ២:១៣រសៀល (ម៉ោងក្នុងតំបន់)។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបញ្ជាក់ថា ផ្សែងផេះបានហុយឡើងទៅលើអាកាសកម្ពស់រហូតដល់ ១៣គីឡូម៉ែត្រ។ អ្នកនាំពាក្យទីភ្នាក់ងារ លោក អាប់ឌុល មូហារី (Abdul Muhari) បានឱ្យដឹងថា អ្នកភូមិយ៉ាងហោចណាស់ ៣០០នាក់ដែលរស់នៅក្បែរភ្នំភ្លើង ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្នចំនួនពីរ ខណៈមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងគ្រោះថ្នាក់នៅឡើយទេ។ ទោះបីជាយ៉ាង អាជ្ញាធរនៅអាកាសយានដ្ឋាន Ngurah Rai ក្នុងកោះបាលី បានបញ្ជាក់ថា តារាងជើងហោះហើរនៅតែដំណើរការជាធម្មតានៅឡើយ។

សូមរម្លឹកថា ការផ្ទុះរបស់ភ្នំភ្លើង Semeru កាលពីឆ្នាំ២០២១ ធ្លាប់បានសម្លាប់មនុស្សជាង ៥០នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៥,០០០ខ្នង។ ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើង» (Ring of Fire) ប៉ាស៊ីហ្វិក ដែលមានភ្នំភ្លើងសកម្មជិត ១៣០កន្លែង៕



 

Powered by Blogger.