ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំង Rafale ចំនួន ១០០គ្រឿងពីបារាំង

ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃចន្ទនេះថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយបារាំង ដើម្បីទទួលបានយន្តហោះចម្បាំង Rafale ចំនួន ១០០គ្រឿង ខណៈដែលលោកកំពុងស្វែងរកការបង្កើនសមត្ថភាពយោធារយៈពេលវែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ការប្រកាសនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ស្របពេលដែលការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយទីក្រុងមូស្គូបានរាយការណ៍ពីការរុលទៅមុខនៅតំបន់ហ្សាប៉ូរីសហ្ស៊ី។

«នេះនឹងក្លាយជាការការពារដែនអាកាសដ៏អស្ចារ្យបំផុត ដែលជាផ្នែកមួយនៃការការពារដែនអាកាសដ៏អស្ចារ្យបំផុតនៅលើពិភពលោក»។ លោក ហ្សេលេនស្គី បានថ្លែងដូច្នេះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើលិខិតនៃបង្ហាញចេតនា ជាមួយលោក ម៉ាក្រុង នៅមុខយន្តហោះ Rafale មួយគ្រឿង នៅឯព្រលានយន្តហោះយោធា Villacoublay។ វិមាន Elysee បានបញ្ជាក់ពីចំនួនយន្តហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗថា តើយន្តហោះដែលផលិតដោយក្រុមហ៊ុន Dassault នេះ នឹងត្រូវបានផ្ទេរពីស្តុករបស់បារាំង ឬជាការទិញថ្មីនោះទេ។

ទោះជាយ៉ាងណា ប្រភពដែលដឹងពីបញ្ហានេះបាននិយាយ ថា ការផ្តល់យន្តហោះចម្បាំង Rafale នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាកាសចរណ៍យុទ្ធសាស្ត្ររយៈពេល ១០ឆ្នាំ។ ប្រភពដដែលបានបន្ថែមថា យន្តហោះមួយចំនួនអាចនឹងត្រូវបានដកចេញពីស្តុករបស់បារាំងដោយផ្ទាល់ ប៉ុន្តែភាគច្រើនគឺជាផែនការរយៈពេលវែង និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការបង្កើនកងយន្តហោះរបស់ខ្លួនឱ្យដល់ ២៥០គ្រឿង ដែលរួមមានយន្តហោះ F-16 របស់អាមេរិក និង Gripen របស់ស៊ុយអែត៕ (Reuters)



 

Powered by Blogger.