កម្ពុជា-តួកគីយ៉េ រៀបចំយន្តការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅពេលខាងមុខ
អង់ការ៉ា, តួកគីយ៉េ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ បានជួបពិភាក្សាការងារជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី។
លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា
បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ
និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា
ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា
ដែលនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា
ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា
និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា
និងតួកគីយ៉េ។
នៅក្នុងកិច្ចពិភាក្សានោះផងដែរ
លោកជំទាវរដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម
បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ
និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត
១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។ ឆ្លៀតក្នុងឱកាសនោះផងដែរ
លោកជំទាវរដ្ឋមន្រ្តីបានរំលេចនូវវិស័យអាទិភាពចំនួន៤
ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព
វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ
ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ
និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប
លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ
និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ
ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា
សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣
និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០
ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ៕





Post a Comment