សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវីរកងទ័ពកម្ពុជា ១៨រូប បានពលីកម្មជីវិត ដើម្បីជាតិរួចទៅហើយ
ភ្នំពេញ៖
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងដោយបានចាត់ទុក
បងប្អូនវីរៈកងទ័ពទាំង១៨នាក់ ដែលថៃចាប់ខ្លួន បានពលីកម្មជីវិតរួចស្រេចទៅហើយ
ដោយសារថៃភ្ជាប់អ្នកទាំង១៨នាក់ ជាមួយនឹងបញ្ហាដទៃ ដើម្បីឱ្យកម្ពុជា ត្រូវតែធ្វើតាម
មុននឹងដោះលែង ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់
ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ បានថ្លែងថា រឿងបញ្ហាកងទ័ព១៨នាក់
ចាប់តាំងពីថ្ងៃដំបូង សម្តេចគិតហើយថា ការចាប់កងទ័ពកម្ពុជា ក្រោយពេលបទឈប់ បាញ់ប៉ុន្មានម៉ោងនេះ
គឺសម្តេចចាត់ទុក បងប្អូនទាំង១៨នាក់ ពលីកម្ម ដើម្បីជាតិរួចស្រេចទៅហើយ ។
សម្តេចតេជោ
ជឿជាក់ថា ថៃ នឹងយកយកបញ្ហានេះ ទៅដោះដូរ នឹងរឿងអ្វីមួយផ្សេង ហើយសម្តេចតេជោ
ក៏ជឿជាក់ថា បងប្អូនទាំងអស់ ក៏ពិតជាយល់ ជាពិសេសក្រុមគ្រួសារក៏ពិតជាយល់ ។
សម្តេចតេជោ
បានចោទជាសំណួរថា តើច្បាប់ទម្លាប់អន្តរជាតិនៅទីណា ខណៈតំណាងពិសេសរបស់អគ្គលេខាធិការ
អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាជនជាតិថៃ ទៅណាទៅ មិននិយាយអ្វីសោះ
ជុំវិញការចាប់ខ្លួន ទាហានកម្ពុជា ទាំង១៨រូបនេះ ខណៈដែលពីមុនធ្លាប់តែនិយាយ
ឥឡូវមិនមាននិយាយអ្វីសោះ ។
សម្តេចតេជោ
គូសបញ្ជាក់ថា រាល់សង្គ្រាមគេ តែងតែមានការដោះដូរឈ្លើសសឹក តែនេះករណីថៃ បានចាប់កងទ័ព
របស់កម្ពុជា លើដីកម្ពុជា ក្រោយបទឈប់បាញ់ យកទៅធ្វើជាចំណាត់ក្មាំង ។
សម្តេចតេជោ
មានប្រសាសន៍ថា “សូមបងប្អូនជនរួមជាតិ យោគយល់ រឿងនេះ ខ្ញុំករុណខ្ញុំ បានចាត់ទុកថា
បងប្អូន(ទាហានទាំង១៨នាក់)នេះ បានពលីកម្មជីវិតរួចស្រេចទៅហើយ ផែនការរបស់គេ
នឹងផ្តល់ឱ្យយើងនូវ ថ្ងៃទី១២កន្លងទៅ ប៉ុន្តែវាមានព្រឹត្តិការ៍ណ នៅឯណាណោះ
គេបន្ទូចបង្អាក់នូវដំណើរនេះ ដូច្នេះវាច្បាស់ណាស់
ចង់ភ្ជាប់១៨នាក់ជាមួយនឹងបញ្ហាដទៃទៀត រាប់ទាំងថ្ងៃមុខ គេនឹងអាចយកថា
ត្រូវតែធ្វើអានីស ត្រូវតែធ្វើអានោះ ធ្វើអានីសហើយបានគេនឹងដោះ
ចឹងយើងចាត់ទុកបងប្អូនថា បានពលីទៅហើយ” ។
សម្តេចតេជោ
ក៏បង្ហាញនូវការសោកស្តាយ ចំពោះរឿងនេះ មិនគួរណាទៅជាយ៉ាងនេះ ខណៈនៅលើពិភពលោកមិន
ដែលមានរឿងបែបនេះទេ ។
សូមបញ្ជាក់ថា
គិតមកត្រឹមថ្ងៃនេះ ជាថ្ងៃទី១១១ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨រូប
ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជា
នៅតែអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត
ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ របស់ពួកគាត់ និងប្រកបដោយសុខ
សុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា
បាននឹងកំពុងធ្វើការយ៉ាង សស្រាក់សស្រាំ ឥតឈប់ឈរ
នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកង
កម្លាំងរបស់កម្ពុជាទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត
និងដោយសុខសុវត្ថិភាព៕

Post a Comment