ហាម៉ាសនិយាយថា អ្នកប្រយុទ្ធរបស់ខ្លួននៅទីក្រុងរ៉ាហ្វា នឹងមិនព្រមចុះចាញ់ឡើយ
ហ្គាហ្សា៖ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកប្រយុទ្ធរបស់ខ្លួនដែលកំពុងជាប់គាំងនៅក្នុងតំបន់ រ៉ាហ្វា (Rafah) ដែលកាន់កាប់ដោយអ៉ីស្រាអែល នឹងមិនព្រមចុះចាញ់ឡើយ។ ក្រុមនេះបានអំពាវនាវឱ្យអ្នកសម្របសម្រួលរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលកំពុងគំរាមកំហែងបទឈប់បាញ់ដែលមានអាយុទើបតែបានមួយខែ។
សេចក្តីថ្លែងការណ៍របស់កងពលតូច
Al-Qassam បានបញ្ជាក់យ៉ាងដូច្នេះថា «សត្រូវត្រូវតែដឹងថា គំនិតនៃការចុះចាញ់ និងការប្រគល់ខ្លួន
គឺមិនស្ថិតនៅក្នុងវចនានុក្រមរបស់កងពលតូច Al-Qassam ឡើយ»។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា
ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបបានលើកឡើងសំណើមួយថា
ជាការដោះដូរនឹងការធ្វើដំណើរដោយសុវត្ថិភាព អ្នកប្រយុទ្ធប្រហែល
២០០នាក់ដែលនៅសេសសល់ក្នុងទីក្រុងរ៉ាហ្វា អាចប្រគល់អាវុធរបស់ពួកគេឱ្យអេហ្ស៊ីប
និងផ្តល់ព័ត៌មានលម្អិតអំពីរូងក្រោមដី ដើម្បីឱ្យគេអាចបំផ្លាញចោលបាន។
ក្រុម Al-Qassam មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើសំណើនោះទេ
ប៉ុន្តែបានបង្ហាញជាប្រយោលថា វិបត្តិនេះអាចប៉ះពាល់ដល់បទឈប់បាញ់។
ក្រុមនេះបានជំរុញឱ្យអ្នកសម្របសម្រួល «រកដំណោះស្រាយដើម្បីធានាការបន្តបទឈប់បាញ់
និងទប់ស្កាត់កុំឱ្យសត្រូវយកលេសដែលគ្មានហេតុផលដើម្បីបំពានវា»។
សូមជម្រាបថា
តំបន់រ៉ាហ្វា គឺជាទីតាំងនៃអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន
ដោយមានទាហានអ៉ីស្រាអែល ៣នាក់ត្រូវបានសម្លាប់
ដែលនាំឱ្យមានការវាយបករបស់អ៉ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់។
ក្នុងថ្ងៃដដែលនោះ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសក៏បានប្រកាសដែរថា
ខ្លួននឹងប្រគល់សាកសពទាហានអ៉ីស្រាអែលម្នាក់ឈ្មោះ Hadar Goldin មកវិញផងដែរ៕ (Reuters)

Post a Comment