រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងនៃវិស័យកសិអាហារ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ក្រោមប្រធានបទ "ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា ”។
ថ្លែងក្នុងវេទិកានេះ
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖
“វិស័យកសិកម្មនៅតែជាវិស័យគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា។
មនុស្សនៅតែត្រូវការទទួលទានអាហារ ប៉ុន្តែពួកគាត់មានការរំពឹងទុកកាន់តែខ្ពស់ថា
អាហារដែលពួកគាត់ទទួលទានត្រូវតែមានគុណភាព និងសុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ។”
ឯកឧត្តមរដ្ឋមន្ដ្រី
បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព
ថាជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ
និងសហគ្រាសផលិត អាចធានាចីរភាពនៃបរិមាណផ្គត់ផ្គង់
ដើម្បីបំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។
ឯកឧត្តមរដ្ឋមន្ដ្រី
បានបន្ថែមថា ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស លើវិស័យកសិអាហារ
ការងារសំខាន់ពីរដែលត្រូវពង្រឹងគឺ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស
ដែលកសិករផ្តោតលើការដាំដុះឱ្យត្រូវតាមស្តង់ដារ, អ្នកកែច្នៃធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព
និងសុវត្ថិភាព, ហើយការធ្វើទីផ្សារ លក់ និងចែកចាយ
ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានភាពប្រទាក់ក្រឡាមួយ។
សូមជម្រាបជូនថា
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕







Post a Comment