នាយករដ្ឋមន្ត្រីនេប៉ាល់ អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ក្រោយការប៉ះទង្គិចគ្នាថ្មី

កត្មាន់ឌូ នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេប៉ាល់ បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងសកម្មជនវ័យក្មេង និងអ្នកគាំទ្រអតីតគណបក្សកាន់អំណាច ដែលត្រូវបានទម្លាក់នៅក្នុងការបះបោរដ៏បង្ហូរឈាមកាលពីខែកញ្ញាកន្លងទៅ។

ប៉ូលិសបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ភាពស្ងប់ស្ងាត់បានត្រឡប់មកវិញហើយនៅទីក្រុងស៊ីម៉ារ៉ា (Simara) ក្នុងស្រុកបារ៉ា (Bara) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីកត្មាន់ឌូ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងកាលពីថ្ងៃពុធ។ ការប៉ះទង្គិចនេះ បានកើតឡើងរវាងសមាជិកក្រុម «Gen Z» និងអ្នកគាំទ្រគណបក្សកុម្មុយនីស្តនេប៉ាល់ (CPN-UML) របស់អតីតនាយករដ្ឋមន្ត្រី ខេ ភី សាម៉ា អូលី (KP Sharma Oli) ដែលត្រូវបានទម្លាក់ពីអំណាច។

លោកស្រី ស៊ូស៊ីឡា កាគី (Sushila Karki) អតីតប្រធានតុលាការកំពូលដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី បានអំពាវនាវឱ្យគ្រប់ភាគី «ចៀសវាងការញុះញង់នយោបាយដែលមិនចង់បាន» និងទុកចិត្តលើដំណើរការប្រជាធិបតេយ្យ មុនការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីបានបញ្ជាក់ថា «ខ្ញុំបានណែនាំដល់រដ្ឋបាលមហាផ្ទៃ និងទីភ្នាក់ងារសន្តិសុខឱ្យធ្វើការដោយការអត់ធ្មត់បំផុត និងត្រៀមលក្ខណៈដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់»

សូមជម្រាបថា បាតុកម្មកាលពីខែកញ្ញា ដែលបង្កឡើងដោយការខឹងសម្បារចំពោះការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតរដ្ឋាភិបាល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៦នាក់ស្លាប់។ លោកស្រី កាគី បានប្រាប់តំណាងគណបក្សជាង ១១០ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា «យើងចង់ឱ្យប្រទេសនេះស្ថិតនៅក្នុងដៃរបស់មនុស្សជំនាន់ថ្មី និងត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានចក្ខុវិស័យ»៕ (AFP)



 

Powered by Blogger.