វិទ្យាស្ថានប៉ាស្ទ័របារាំងព្រមានថា ផ្តាសាយបក្សីអាចបង្កជាជំងឺរាតត្បាតអាក្រក់ជាងកូវីដ-១៩
ប៉ារីស៖ ប្រធានមជ្ឈមណ្ឌលជំងឺផ្លូវដង្ហើមនៃវិទ្យាស្ថានប៉ាស្ទ័រ (Institut Pasteur) របស់ប្រទេសបារាំង បានព្រមានថា វីរុសផ្តាសាយបក្សី ដែលកំពុងឆ្លងរាលដាលក្នុងចំណោមសត្វស្លាប និងថនិកសត្វ អាចនឹងបង្កជាជំងឺរាតត្បាតសកលធ្ងន់ធ្ងរជាងជំងឺកូវីដ-១៩ ទៅទៀត ប្រសិនបើវីរុសនេះបំប្លែងខ្លួនរហូតដល់អាចឆ្លងពីមនុស្សទៅមនុស្សបាន។
លោកស្រី
ម៉ារី-អាន រ៉ាមេ-វែលទី (Marie-Anne
Rameix-Welti) នាយិកាវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលនេះ បានពន្យល់ថា
មនុស្សមានអង់ទីគ័រប្រឆាំងនឹងផ្តាសាយតាមរដូវធម្មតា
ប៉ុន្តែគ្មានអង់ទីគ័រប្រឆាំងនឹងផ្តាសាយបក្សី H5 នោះទេ។
លោកស្រីបានសង្កត់ធ្ងន់ដូច្នេះថា «ជំងឺរាតត្បាតផ្តាសាយបក្សី
ប្រហែលជានឹងធ្ងន់ធ្ងរខ្លាំង ដោយសក្តានុពលរបស់វាអាចធ្ងន់ធ្ងរជាងជំងឺរាតត្បាត
(កូវីដ) ដែលយើងធ្លាប់ជួបប្រទះទៅទៀត» ព្រោះវាអាចសម្លាប់មនុស្សដែលមានសុខភាពល្អ
រួមទាំងកុមារផងដែរ មិនដូចកូវីដដែលភាគច្រើនប៉ះពាល់តែជនងាយរងគ្រោះ។
យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) មានករណីផ្ទុះឡើងក្នុងចំណោមមនុស្សជិត ១,០០០ករណី ចាប់តាំងពីឆ្នាំ២០០៣ មក ដែលភាគច្រើននៅអេហ្ស៊ីប ឥណ្ឌូណេស៊ី និងវៀតណាម ដោយក្នុងនោះ ៤៨ភាគរយនៃអ្នកឆ្លងបានស្លាប់។
ទោះជាយ៉ាងណា លោក ហ្គ្រេហ្គោរីយ៉ូ តូរ៉េស (Gregorio Torres) មកពីអង្គការសុខភាពសត្វពិភពលោក បានបញ្ជាក់ថា
ហានិភ័យនៃការរាតត្បាតលើមនុស្សនៅតែមានកម្រិតទាបនៅឡើយ។ ចំណែកឯលោកស្រី Rameix-Welti ក៏បានបន្ថែមដែរថា ពិភពលោកបានត្រៀមខ្លួនបានល្អជាងមុន ដោយសារមានវ៉ាក់សាំង
និងថ្នាំប្រឆាំងវីរុសដែលត្រៀមរួចជាស្រេចក្នុងករណីមានអាសន្ន៕ (Reuters)

Post a Comment