ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម»។
ពិធីនេះ មានការចូលរួមពីលោក
CHEN
Cong អគ្គទីប្រឹក្សា
នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដមរដ្ឋលេខាធិការពីបណ្ដាក្រសួងស្ថាប័ន ឯកឧត្តមអភិបាលរងខេត្តសៀមរាប
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សាស្រ្តាចារ្យល្បីៗ ពីសកលវិទ្យាល័យចិនធំៗ អ្នកជំនាញពីមជ្ឈមណ្ឌលអាស៊ាន-ចិន
សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន
អ្នកផលិតមាតិកា និង influencers
ចិន-កម្ពុជា ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណ
៣០០នាក់ នៅសណ្ឋាគារ Sofitel
Angkor Phokeethra Golf & Spa Resort។
ថ្លែងក្នុងឱកាសនេះ
ភាគីចិន និងភាគីកម្ពុជា មានទស្សនៈរួមគ្នាថាវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥
ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ
ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងបណ្តារដ្ឋបាលខេត្ត-ក្រុងនានារបស់ប្រទេសចិន
ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប
និងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់
កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»
ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។
ហើយវេទិកានេះ
នឹងក្លាយជាការអនុវត្តជាក់ស្តែងប្រកបដោយផ្លែផ្កាក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលត្រូវបានប្រកាសបើកជាផ្លូវការ
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ សំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ
និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមលើចំនួនភ្ញៀវទេសចរដែលកំពុងមានសន្ទុះកើនស្រាប់នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់
និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ
និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់
ព្រមទាំងថ្លែងអំណរគុណចំពោះការចូលរួមដ៏ផុសផុល និងពីគ្រប់តំបន់នៃប្រទេសចិន និងកម្ពុជាដើម្បីរួមគ្នាគិត
និងរួមគ្នាធ្វើឱ្យជាក់ស្តែងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន
ដើម្បីជាប្រយោជន៍រួមគ្នា និងការពង្រឹងពង្រីក
ការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី
ក៏បានគូសបញ្ជាក់ពីអនុសាសន៍សំខាន់ៗ មួយចំនួនដល់អង្គវេទិកា ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរទស្សនៈ
បទពិសោធន៍ឱ្យកាន់តែស៊ីជំរៅ
និងប្រកបដោយប្រសិទ្ធិភាពក្នុងការទាក់ទាញនូវកំណើនភ្ញៀវទេសចរជាតិ
និងអន្តរជាតិដែលមកទស្សនាប្រទេសទាំងពីរ។
តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥
នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ
ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជា
ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់
និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន
តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ
និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។
បន្ថែមលើនេះទៀត
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់
ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ
ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព
បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។
សូមជម្រាបជូនថាក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ នឹងរៀបចំកម្មវិធីសំខាន់ៗ មួយចំនួននាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ១) ព្រឹត្តិការណ៍មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះកម្ពុជា-ចិន នាល្ងាចថ្ងៃទី៦ ខែធ្នូ នៅខេត្តសៀមរាបនិង ២) វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប៕







