ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង ប្រទេសចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន តំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទំាងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពល មិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានតំាងពីយូរលង់ណាស់មកហើយ ឈរលើភាពស្មោះត្រង់ ការជឿជាក់ ការយោគយល់ និងការឱ្យតម្លៃគ្នាទៅវិញទៅមក យកផលប្រយោជន៍ពលរដ្ឋជាធំ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ គោលនយោបាយចិនតែមួយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីរដ្ឋសភាទំាងពីរបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀម ស្តីពីកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានដ្ឋសភាប្រទេសទំាងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ឯកសារទាំងនេះ ជាមូលដ្ឋានគ្រឹះ ក្នុងការតភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីអគ្គលេខាធិការដ្ឋាន។ ក្រោមស្មារតីនៃកិច្ចព្រមព្រៀងខាងលើនេះ សម្តេចបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធាណរដ្ឋប្រជាមានិតចិនចំនួនពីរលើក ហើយប្រធានគណៈកម្មការសភាកម្ពុជាមួយចំនួនបានបំពេញទស្សនកិច្ចនៅប្រទេសចិន។

រដ្ឋសភាកម្ពុជា ក៏បានទទួលស្វាគមន៍គណៈប្រតិភូសភាប្រជាជនចិនទំាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ រដ្ឋសភាប្រទេសទំាងពីរបានបន្តរក្សានូវសន្ទុះវិជ្ជមាន និងភាពសកម្ម នៃកិច្ចសហប្រតិបត្តិការ ដោយបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរសភា ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ឯកឧត្តម ជៀន ធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា និងរដ្ឋសភាកម្ពុជាទំាងមូលដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូ។ ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងស្រស់បំព្រងរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន តាមរយៈការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ខេត្តបានប្រើប្រាស់ថាមពលអគ្គិសនីស្អាត១០០% ពលរដ្ឋមានជីវភាពខ្ពស់។

ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះ។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក មានដូចជាការគាំទ្រការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាយុទ្ធសាស្ត្រធារាសាស្ត្រដ៏មានឥទ្ធិពល និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានអរគុណមិត្តចិនដែលមានជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃ។ សម្តេចបានគូសបញ្ជាក់ថា ជំហរមិត្តចិន ស្របនឹងនយោបាយកម្ពុជា ដែលស្រឡាញ់សន្តិភាព ស្វែងរកការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេរភាគី។ គោលជំហរកម្ពុជា ស្ងាត់តែមិននៅស្ងៀម៕






 

Powered by Blogger.