ហ្សេលេនស្គី កំពុងស្ថិតក្នុងប្រទេសបារាំង ដើម្បីសម្រេចកិច្ចព្រមព្រៀងប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំង

ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានរំពឹងថា នឹងសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយបារាំង ស្តីពីការផ្គត់ផ្គង់សមត្ថភាពការពារដែនអាកាស យន្តហោះចម្បាំង និងមីស៉ីល ដើម្បីយកទៅពង្រឹងសមត្ថភាពរយៈពេលវែង​របស់កងទ័ពអ៊ុយក្រែន ក្នុងការប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។

លោក ហ្សេលេនស្គី កំពុងស្ថិតនៅទីក្រុងប៉ារីស ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ស្របពេលដែលប៉ុន្មានសប្តាហ៍មកនេះ រុស្ស៉ីបានបង្កើនការវាយប្រហារធ្ងន់ៗដោយប្រើយន្តហោះដ្រូននិងមីស៉ីលលើអ៊ុយក្រែន ហើយ​ថែមទាំងបានប្រកាសពីភាពរីកចម្រើនលើសមរភូមិ នៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍អ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារលើបណ្តាញ X ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយ ត្រូវបានត្រៀមរៀបចំជាមួយបារាំង ហើយវានឹងជួយពង្រឹងជាខ្លាំង នូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស សមត្ថភាពការពារដែនអាកាស ក៏ដូចជាសមត្ថភាពការពារជាតិដទៃទៀតរបស់អ៊ុយក្រែន។

សូមជម្រាបថា កាលពីខែមុន លោក Macron បានសន្យាផ្តល់យន្តហោះចម្បាំង Mirage បន្ថែម បន្ទាប់ពីដំបូងឡើយ បានសន្យា​ប្រគល់ឱ្យចំនួន៦គ្រឿង រួមជាមួយមីស៉ីល Aster 30 ដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប MBDA សម្រាប់ប្រើ​ជាមួយប្រព័ន្ធការពារដែនអាកាស SAMP/T ដែលធ្វើប្រតិបត្តិការដោយទីក្រុងកៀវ។ ប៉ុន្តែបើតាមប្រភពដឹងលម្អិត អំពីកិច្ចព្រមព្រៀងខាងលើ ទស្សនកិច្ចថ្ងៃចន្ទនេះរបស់លោក ហ្សេលេនស្គី នឹងផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់ទីក្រុងកៀវ ដ្បិតវាអាចរួមមានទាំងការព្រមព្រៀងគ្នារយៈពេល១០ឆ្នាំ ដែលនឹងនាំទៅរកការផ្តល់យន្តហោះចម្បាំងទំនើបរបស់បារាំង Rafale ឱ្យទីក្រុងកៀវ៕ (Reuters)



 

Powered by Blogger.