រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ និងកំណើតកងយោធពលខេមរភូមិន្ទ

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥)  នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧២ គឺជាការរំឭកគុណូបការដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ ដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយដោយមិនខ្លាចនឿយហត់ ដើម្បីទាមទារនូវឯករាជភាពពីអាណានិគមនិយមបារាំងបានពេញបរិបូរជូនជាតិ មាតុភូមិជាទីស្នេហានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលគិតមកដល់ពេលនេះគម្រប់ខួប ៧២ឆ្នាំ។ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតនៅចងចាំមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេងនៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិជាទីស្នេហា។

   ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ០៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏ប្រពៃថ្លៃថ្លា ឧត្តុង្គឧត្តមដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមនរកោដ្ឋ ដ៏អង់អាចក្លាហាន និងមហា បុរសរ័ត្នដ៏ឆ្នើមដែលបានបូជាព្រះកាយ និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ចេញពីអាណានិគមនិយមបារាំង។

     ឯកឧត្តម អភិបាលខេត្តបន្តថា ស្នាព្រះហស្ត និងគំរូវីរភាពដ៏ឧត្តុង្គឧត្តម ព្រះបញ្ញាញ្ញាណរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពិសេសព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតិភូមិកម្ពុជា រួចផុតពីអាណានិគមនិយមបារាំងប្រគល់ឯករាជ្យមកឱ្យកម្ពុជា។ ដើម្បីភាពសុខសាន្ត ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិការសាមគ្គីកម្ចាត់ពួកខ្នាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ ខួបអនុស្សាវរីយ៍លើកទី៧២ទិវាបុណ្យឯករាជ្យជាតិ ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាព ជាតិដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់អតីតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ លើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ។

     លោកឧត្តមសេនីយ៍ត្រីនូវ សំអុលបានមានប្រសាសន៍ថាថ្ងៃនេះ គឺជាថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រដ៏រុងរឿងលើកទី៧២ នៃទិវាបុណ្យឯកនិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា២០២៥រយៈពេល ៧២ឆ្នាំ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យបរិបូណ៍ពីអាណានិគមនិយមបារាំង សេស ដែលបានដាក់នឹមត្រួតត្រា កម្ពុជា អស់រយៈពេលជិត ១សតវត្ស ។

បន្ទាប់ពីបានស្ដាប់នូវសន្ទរកថាដែលប្រកបដោយអត្ថន័យនិងសារៈប្រយោជន៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួចមកយើងខ្ញុំទាំងអស់គ្នាក៏ដូចជាខ្លួនខ្ញុំបាទផ្ទាល់ ដែលជាតំណាងសមាជិក-សមាជិកា នៃអង្គពិធីទាំងមូល ពោរពេញទៅដោយមនោសញ្ចេតនាអបអរសាទរយ៉ាងក្លៀវក្លា និងក្តីមោទនៈភាពជាតិជាទីបំផុតចំពោះប្រវត្តិ និង វីរៈជនយើង ក្រោមព្រះរាជកិច្ចដ៏ថ្លៃថ្លា របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គបានលះបង់ ព្រះកាយពលដឹកនាំចលនាទាមទារឯករាជ្យ ប្រកបដោយជោគជ័យ ពីអាណានិគមនិយមបារាំងសេស ហើយទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយគោរពដល់ ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) និងដឹងគុណជានិច្ចចំពោះបុព្វវីរៈជន វីរៈយុទ្ធជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិនៃយើង សូមវិញ្ញាណក្ខន្ធលោកទាំងអស់សុខស្ងប់ក្នុងសុគតិភព និងតាមជួយទ្រទ្រង់បីបាច់ ថែរក្សា ការពារទឹកដីនៃមាតុភូមិយើង ឲ្យប្រកបដោយសុខសន្តិភាព និងរីកចម្រើនតទៅ ជាពិសេស សូមថ្វាយនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ ដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីឯករាជ្យសុខសន្តិភាពដល់ប្រទេសជាតិយើង ។ 

សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ( ព្រះបរមរតនកោដ្ឋ សូមព្រះអង្គទ្រង់យាង ទៅកាន់សុគតិភព និងសូមថ្វាយព្រះពរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីទង់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ កូនចៅ ចៅទួត និងមាតុភូមិតរៀងទៅ ។

ជាមួយនេះដែរក៏ដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវធិបតី ហ៊ុន ណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កន្លងមក ថ្វីត្បិតតែប្រទេសជាតិបានឯករាជ្យបរិបូរណ៌ តែក៏ជួបវិបត្តិនយោបាយផ្ទៃក្នុងជាច្រើនលើកច្រើនសារ បង្កឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលជួបនូវគ្រោះភ័យអន្តរាយយ៉ាងធ្ងន់ធ្ងរ មានសង្គ្រាមក្នុងរបបសាធារណៈរដ្ឋខ្មែរ សង្គ្រាមក្នុងរបបប្រល័យពូជសាសន៍ សង្គ្រាមនយោបាយផ្ទៃក្នុងជាបន្តបន្ទាប់ ។ ដោយសារនយោបាយឈ្នះឈ្នះ និងការដឹកនាំដោយត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា កិច្ចនៅពេលថ្មីៗនេះ ដូចនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានធ្វើការបាញ់មកលើកងទ័ពកម្ពុជាយើងមុន បណ្ដាលឱ្យពលីជីវិតកងទ័ពកម្ពុជាយើងម្នាក់ដែលបានឈរជើងនៅទីតាំងមុំបី ដែលជាទីតាំងឈរជើងជាយូណាស់មកហើយដែលស្ថិតនៅភូមិតេជោមរតកឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។តាំងពីពេលនោះមកទាហានសៀមនៅតែមានមហិច្ឆតាចិញ្ចឹមចិត្តប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានបូរណភាពទឹកដីរបស់យើង នៅតាមបន្ទាត់ព្រំដែនដែលជាទីតាំងដែលស្ថិតនៅដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។មួយថ្ងៃទៅមួយថ្ងៃសភាពការតាមបន្ទាត់ព្រំដែនកាន់តែតានតឹងទៅៗមុខព្រួញមួយចំនួន

កងទ័ពកម្ពុជាយើងនិងកងទ័ពសៀមមានការរុញច្រានគ្នាទៅវិញទៅមកកងទ័ពសៀមបានធ្វើការរាយបន្លាលួសហ៊ុំព័ទ្ធគោលបំណងយក ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងចំណុចសំខាន់ៗមួយចំនួនទៀត ធ្វើកាបិទផ្លូវមិនឱ្យប្រជាពលរដ្ឋយើងទៅកំសាន្ត ប្រាសាទព្រះវិហារ និងឈ្លានពានទឹកដីយើងមួយចំនួនទៀត ដូចភ្នំទ្រព្យ វាលឥន្ទ្រី ភ្នំខ្មោច អានសេះនិងមានចំណុចជាច្រើនទៀតនៅតាមបន្ទាត់ព្រំដែន។នៅពេលឈ្លានពានពីទាហានសៀមមិនបានសម្រេចតាមផែនការរបស់ពួកគេ ដោយមានការរេរាំងពីកងទ័ពរបស់យើងយ៉ាងអង់អាចក្លាហាននិងដាច់ខាតព្រោះទឹកដី និងប្រាសាទទាំងអស់ជារបស់យើង ដូចនេះហើយនៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ ទាហានសៀមបានធ្វើការបាញ់ប្រហាមកលើកងទ័ពរបស់យើងមុនមាន អាវុធធន់ស្រាល អាវុធធន់ធ្ងន់ ហើយមានយន្តហោះទំលាក់គ្រាប់បែក និងបាញ់ផ្សែងពុលធ្វើឱ្យកងទ័ពយើងប្រើសិទ្ធការពារខ្លួនក៏ផ្ទះអាវុធប្រយុទ្ធតបតទៅវិញទៅមក អស់រយៈពេល ៥ថ្ងៃគឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥។ ក្រោមការដឹកនាំដ៏ឃ្លៀសវៃនិងពិនប្រសព្វរបស់ សម្តេចតេជោ ប្រធានប្រពឹទ្ធសភា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចលោក គិតថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែបញ្ចប់សង្គ្រាមដោយការចរចាយក យន្តការច្បាប់អន្តជាតិមកដោះស្រាយទើបញ្ចប់សង្គ្រាមបាន ដូចនេះយើងដឹងឮទាំងអស់គ្នាហើយថា នៅថ្ងៃទី២៨ខែកក្តដា ឆ្នាំ២០២៥ សម្ដេចធិបតី លោកបានប្តឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានប្តូរវេន និងប្តឹងទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងសមាជិកអាស៊ានទាំងអស់ ដើម្បីជួយទុបស្កាត់រាល់ការប្រើប្រាសកងទ័ពនិងយុទ្ធការណ៍គ្រប់បែបយ៉ាងដើម្បីឈ្លានពានប្រទេសកម្ពុជាយើង។ ក្រោយពីមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេននិងមានប្រធានា ធិបតីអាមេរិក លោក ដូណាល់ត្រាំ ជាប្រធានសម្របសម្រួលផងនោះក្នុងនាមយើងខ្ញុំទាំងអស់គ្នា ស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងកាតព្វកិច្ចការពារជាតិ រក្សាការពារឯករាជ្យនៃមាតុភូមិយើង និង សូមប្ដេជ្ញាយ៉ាងប្ដូរផ្ដាច់ ក្នុងការគោរពបូជាជានិច្ច ចំពោះព្រះមហាក្សត្រ តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ក្នុងនោះកងយោធពលខេមរភូមិន្ទទាំងមូលសូមប្តេជ្ញាហានពលីកម្មគ្រប់បែបយ៉ាងការពារបូរណភាពទឹកដីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញនិងប្រឆាំងដាច់ខាតការញុះញង់បំបែកបំបាក់ជាតិ និងទប់ស្កាត់មិនឱ្យមានចលនាបដិវត្តពណ៌នៅកម្ពុជា ជាដាច់ខាត៕





















Powered by Blogger.