កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដោយមិនដាក់មីនថ្មីឡើយ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាព របស់មនុស្សជាតិនោះឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុ នៃការផ្ទុះគ្រាប់មីនដែលបណ្តាល ឱ្យកងទ័ពថៃមួយចំនួនរងរបួស នៅពេលដើរល្បាតចូលតំបន់ចម្ការមីន ចាស់ដែលបន្សល់ ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

 ជាមួយគ្នានេះ ក្រសួងការពារជាតិ កត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។

ក្រសួងការពារជាតិ បញ្ជាក់យ៉ាងមុតមាំថា «ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ»។

ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។

ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព រវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាព របស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕



Powered by Blogger.