មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីព្រាងផែនការសន្តិភាពដែលបានពិភាក្សាដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន អាចក្លាយជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងបន្តការវាយលុក ប្រសិនបើលក្ខខណ្ឌមិនត្រូវបានបំពេញ។
លោក ពូទីន
បានបញ្ជាក់ថា «ជារួម យើងយល់ស្របថា នេះអាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត» ដោយបន្ថែមថា សហរដ្ឋអាមេរិកហាក់កំពុងគិតគូរពីជំហររបស់រុស្ស៊ី
ទោះបីជាចំណុចខ្លះនៅត្រូវការការពិភាក្សាក៏ដោយ។
លោកក៏បានបង្ហាញឆន្ទៈក្នុងការសន្យាថានឹងមិនវាយប្រហារអឺរ៉ុបផងដែរ
ប្រសិនបើមានការស្នើសុំ។
ទោះជាយ៉ាងណា
មេដឹកនាំរុស្ស៊ីរូបនេះបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹងថា «កងទ័ពអ៊ុយក្រែនត្រូវតែដកចេញពីទឹកដីដែលពួកគេកាន់កាប់
ហើយបន្ទាប់មកការប្រយុទ្ធនឹងបញ្ឈប់។ ប្រសិនបើពួកគេមិនចាកចេញទេ
នោះយើងនឹងសម្រេចរឿងនេះដោយមធ្យោបាយអាវុធ»។
លើសពីនេះ លោក
ពូទីន បានចាត់ទុកថ្នាក់ដឹកនាំអ៊ុយក្រែនបច្ចុប្បន្នថា «មិនស្របច្បាប់»
ដែលធ្វើឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយផ្ទាល់ជាមួយអ៊ុយក្រែនមានភាពស្មុគស្មាញ។
ហេតុនេះ លោកទាមទារឱ្យកិច្ចព្រមព្រៀងណាមួយត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ
រួមទាំងការទទួលស្គាល់ទឹកដីដែលរុស្ស៊ីដណ្តើមបាន៕ (Reuters)
