សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ អំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចបានជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចបញ្ជាក់ថា ក្នុងជំនួបនោះ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា
លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ
ហើយលោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់
ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចបវរធិបតីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖
នាយប់ថ្ងៃទី១៤ វិច្ឆិកា ២០២៥
ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍
តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា
និងថៃ។
តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ
ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើម
និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក
និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា
និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា
ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា
រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។
ឯកឧត្តមប្រធានាធិបតី Trump
បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា
ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ
ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក
ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

Post a Comment