អាជ្ញាធរមីន ថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលប្តេជ្ញាឈរជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌
ខេត្តបាត់ដំបង៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យការអនុវត្តគម្រោងបោស សម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីដំណាក់កាលទី៤ រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ជាម្ចាស់ជំនួយ។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាអ្នកទទួលផល។
ក្នុងឱកាសនោះ
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ
បានថ្លែងអំណរគុណចំពោះការគាំទ្រប្រកបដោយសប្បុរសរបស់
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ
ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា
និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌
តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
ជាមួយគ្នានោះផងដែរ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍
ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ
បន្តចូលរួមគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
និងកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០។
ឯកឧត្តមទេសរដ្ឋមន្រ្តី
លី ធុជ បន្តថា សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាត
និងកំទេចគ្រាប់មីន ចោលប៉ុណ្ណោះទេ
វាថែមទាំងជាការចូលរួមក្នុងការលើកកម្ពស់ជីវិភាពរស់នៅ កាត់បន្ថយគ្រោះថ្នាក់
និងស្តារឡើងវិញនូវសេចក្តីសថ្លៃថ្នូររបស់សហគមន៍។
សូមបញ្ជាក់ថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១៨ គីឡូម៉ែត្រការ៉េ ស្មើនឹង ១៦% នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង ៣ ៤០០ គីឡីម៉ែត្រការ៉េ ហើយប្រជាជន ១,៣ លាននាក់ ជាអ្នកទទួលផល។ ក្នុងនោះ គម្រោង បោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ បានបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) និងមានអ្នកទទួលផលជាង ៣៤១ ០០០ នាក់៕







Post a Comment