ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យអាវុធ និងយុទ្ធោបករណ៍ ដែលចល័តពីព្រំដែនទៅដាក់ក្នុងបន្ទាយ
ខេត្តកណ្តាល៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះត្រួតពិនិត្យអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ដែលបានចល័តពីព្រំដែនចូលទៅបន្ទាយនៅខេត្តកណ្តាល។
លោកស្រីឧត្តមសេនីយ៍ឯក
ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា
ឆ្នាំ២០២៥ វេលាម៉ោង ៨៖៤០នាទីព្រឹកនេះ
ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ
និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១
ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។
សូមរំលឹកថា
អាវុធ
និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត
និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង
១៨៖៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ
លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។
សកម្មភាពខាងលើ
គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ
និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា
ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ
ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ
ដោយមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។
ជាមួយគ្នានេះ
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ
និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ
ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ
និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់៕










Post a Comment