ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានាបានជិត១៦លានម៉ែត្រគូប ក្នុងរយៈពេល១០ខែ
ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ២លានម៉ែត្រគូប។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ចំពោះភាពស្អាតក្នុងទឹកនេះ ក្រសួងបរិស្ថានបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងបរិស្ថាន។ កន្លងមកនេះ ម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា បានចូលរួមជាបន្តបន្ទាប់បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដើម្បីរួមគ្នាទប់ស្កាត់ការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ នាំឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ការទប់ស្កាត់ការបញ្ចេញសំណល់រាវដែលនាំឱ្យមានការបំពុលបរិស្ថាន បានចែងតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញសំណល់រាវ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា។




Post a Comment