ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥។
របៀបវារៈដែលនឹងត្រូវជជែកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣
ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង
ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងរដ្ឋាភិបាលចិន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១
និងទី១២ នៃសេវាកម្មដឹក
ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។
៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។
៥៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍
និងជំងឺអេដស៍ឆ្នាំ២០២៤។
ក្រៅពីរបៀបវារៈខាងលើនេះទៅ
កិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋផងដែរ។
សូមបញ្ជាក់ថា
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
គឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី
ដើម្បីពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ ព្រាងគោលនយោបាយនានា
និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះតែងធ្វើឡើងនៅថ្ងៃសុក្រ
ដោយមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រី។ កិច្ចប្រជុំក៏នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូផងដែរ
ដើម្បីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការនានាទៅកាន់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ៕




