ត្រាំ ព្រមានធ្វើសកម្មភាពយោធាប្រឆាំងនីហ្សេរីយ៉ា ជុំវិញការសម្លាប់គ្រិស្តសាសនិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបញ្ជូនកងទ័ពអាមេរិក ទៅកាន់ នីហ្សេរីយ៉ា ប្រសិនបើប្រទេសអាហ្រ្វិកមួយនេះ មិនព្រមទប់ស្កាត់នូវអ្វីដែលលោកហៅថា ការសម្លាប់គ្រិស្តសាសនិកដោយក្រុមអ៊ីស្លាមជ្រុលនិយម។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth
Social យ៉ាងដូច្នេះថា «ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា
បន្តបណ្តោយឱ្យមានការសម្លាប់គ្រិស្តសាសនិក
សហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ជំនួយទាំងអស់ភ្លាមៗ ហើយក៏ប្រហែលអាចបញ្ជូនកងទ័ពចូលទៅតែម្តង
ដើម្បីកម្ទេចក្រុមភេរវករអ៊ីស្លាមជ្រុលនិយម
ដែលកំពុងប្រព្រឹត្តអំពើសាហាវឃោរឃៅទាំងនេះ។
ខ្ញុំកំពុងបង្គាប់ឱ្យក្រសួងកិច្ចការសង្រ្គាម (ក្រសួងការពារជាតិ)
ត្រៀមផែនការសម្រាប់ការធ្វើសកម្មភាព ដែលអាចនឹងកើតឡើង»។
សូមជម្រាបថា ប្រទេសនីហ្សេរីយ៉ា
កំពុងជាប់ផុងក្នុងជម្លោះជាច្រើន ដែលក្រុមអ្នកជំនាញនិយាយថា
បានសម្លាប់ទាំងគ្រិស្តសាសនិក និងអ៊ីស្លាមសាសនិក ដោយគ្មានការរើសអើងនោះទេ។
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារអះអាងដែរថា
គ្រិស្តសាសនិករាប់ពាន់នាក់ កំពុងត្រូវបានគេសម្លាប់ ហើយក្រុមអ៊ីស្លាមជ្រុលនិយម
គឺជាអ្នកកំពុងប្រព្រឹត្តអំពើសម្លាប់រង្គាលនេះ៕ (ប្រភព៖ AFP)

Post a Comment