ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក បានផ្តល់ភាពច្បាស់លាស់សម្រាប់វិនិយោគិន
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។
ឯកឧត្តមលើកឡើងបែបនេះនាព្រឹកថ្ងៃអង្គារ ទី១៨
ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ
គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី ដឹកនាំដោយ លោក CHEN
Jun អនុប្រធានប្រតិបត្តិ
និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី
ដោយផ្តោតសំខាន់លើការសិក្សាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌតំបន់អាស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់អំពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា
ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបម្រើការជាសេនាធិការ
និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។
ជាការឆ្លើយតប លោក CHEN
Jun ក្នុងនាមគណៈប្រតិភូទាំងអស់
បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ដែលបានផ្តល់ឱកាសដល់គណៈប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារនាឱកាសនេះ និងបានបង្ហាញនូវឆន្ទៈក្នុងការជម្រុញ
និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា
និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព
និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕






Post a Comment