ACU៖ ខែវិច្ឆិកានេះ មន្ត្រី ១២០នាក់ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី និងអតីតមន្ត្រី សរុបចំនួន ១២០នាក់ និងបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។

នេះបើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៤ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា «មន្ត្រីចំនួន ១២០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៥រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ»

ចំពោះការងារពាក្យប្ដឹង ត្រូវបានលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានគូសបញ្ជាក់ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។

ចំពោះការងារអន្តរជាតិប្រតិភូ ACU ចូលរួមកិច្ចប្រជុំស្ថាប័នប្រឆាំងអំពើ ពុករលួយអាស៊ាន (ASEAN-PAC) លើកទី២១ (២៨-៣០ ខែតុលា) លើមូលបទ «ពង្រឹងការរួបរួម អាស៊ាន៖ ភាពជាដៃគូរវាងរដ្ឋ និងឯកជនដើម្បីប្រឆាំងអំពើពុករលួយ» ដែលបានប្រព្រឹត្តិធ្វើឡើងនា ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំនេះសមាជិក ដែលជារដ្ឋភាគី បានធ្វើបទអន្តរាគមន៍ជាបន្តបន្ទាប់អំពីការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព (២០២៣-២០២៥) របស់ខ្លួន។

ដោយក្នុងនោះប្រតិភូ ACU ក៏បានបង្ហាញជូនកិច្ចប្រជុំអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការអភិវឌ្ឍវិស័យឯកជននិងការងារ ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលមានចែងយ៉ាងច្បាស់ ក្នុងយុទ្ធបញ្ចកោនដំណាក់កាលទី១ របស់រាជជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំលើកទី២១នេះ អង្គប្រជុំក៏បានអនុម័តផងដែរនូវផែនការយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ (២០២៦-២០២៨) ដែលផ្តោតសំខាន់លើ (១)- គាំទ្រការអនុវត្តអនុសញ្ញា UNCAC និងអនុសញ្ញានៃការយោគ យល់គ្នារបស់ ASEAN-PAC (២)-​ លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ ASEAN-PAC លើវេទិកាប្រឆាំងអំពើពុករលួយក្នុងតំបន់ អន្តរជាតិ និងសាធារណជនទូទៅ (៣)- បង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ ASEAN-PAC Portal និង(៤)- គាំទ្រកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខអាស៊ាន។

មន្ត្រី ACU បានចូលរួមសម័យប្រជុំលើកទី១៤ នៃសន្និបាតរដ្ឋភាគី របស់បណ្ឌិតសភាអន្តរជាតិប្រឆាំងអំពើពុករលួយ IACA កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ អង្គសន្និបាតបានប្រព្រឹត្តិទៅដោយសម្រេចបាននូវកិច្ចការសំខាន់ៗដូចជា បានពិភាក្សាក្នុងចំណោមបណ្តារដ្ឋភាគី អំពីវឌ្ឍនភាពនៃ ការអនុវត្តការងារក្នុងឆ្នាំ២០២៥ ការបោះឆ្នោតបំពេញសមាជិកក្រុមប្រឹក្សាសម្រាប់អាណត្តិ ឆ្នាំ២០២៥-២០៣១ កាអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦ និងបានកំណត់របៀបវារៈនៃកិច្ចប្រជុំលើកទី១៥៕














 


Powered by Blogger.