ភ្នំពេញ៖ កម្មវិធីបរិស្ថានសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន។
លិខិតកម្មវិធីរបស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងកោតសរសើរចំពោះប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់និងពិភពលោក ក្នុងវេទិការដ្ឋមន្រ្តីបរិស្ថាន និងអាជ្ញាធរជាន់ខ្ពស់ ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ នៅទីក្រុងណាឌី ប្រទែសហ្វីជី ចាប់ពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជាតិនៅក្នុងពិភពលោក និងបានអញ្ជើញកម្ពុជាចូលរួមមហាសន្និបាតស្តីពីបរិស្ថាន របស់អង្គការសហប្រជាជាតិលើកទី៧ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។



